(កំពង់ឆ្នាំង)៖ លោក សូ ស៊ីនួន ប្រធានក្រុមការងារថ្នាក់កណ្តាល និងលោកស្រី អមដំណើរដោយលោក ប៉ែន សំបូរ អនុប្រធានក្រុមការងារថ្នាក់កណ្តាល, លោក សុខ សន និងលោកស្រី, លោក សោម ភិរុណ និងភរិយា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកគណបក្សចំនួន ៣៥០នាក់ នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ហែក្បួនឃោសនារកសំលេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រី នីតិកាលទី៧ និងអបអរសាទរខួបលើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។
នាឱកាសនោះក៏មានការរៀបចំក្បួនដង្ហែតាមភូមិសាស្ត្រក្នុងមូលដ្ឋានមានជាអាទិ៍រថយន្ត១០គ្រឿង, ម៉ូតូកង់៣ ចំនួន១១គ្រឿងនិង ម៉ូតូចំនួន១៥០គ្រឿង អមដោយទង់ជាតិ, ទង់បក្ស , ពាក្យស្លោករបស់បក្ស និងបង្ហាញពីរូបភាពសន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាដែលមាននិមិត្តសញ្ញាទេវតាបាចផ្កាលំដាប់លេខរៀងទី១៨ និងនាំគ្នាទៅបោះឆ្នោតនាថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ កុំបីខកខាន។
ទិដ្ឋភាពនេះប្រព្រឹត្តទៅប្រកបដោយបរិយាកាសអធឹកអធម និងរីករាយក្រៃលែង។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។
គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕