(រតនគិរី)៖ លោក ហ៊ាន វណ្ណហន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបរកែវ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជន ប្រមាណ១,៣៣៩នាក់ បើកយុទ្ធនាការស្វែងរកសំឡេងឆ្នោតនៅស្រុកបរកែវ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត មានការចូលរួមពីលោក ម៉ា វិចិត្រ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមការចុះមូលដ្ឋានស្រុកបរកែវ, លោក សយ សូណា អនុប្រធានក្រុមការចុះមូលដ្ឋានស្រុកបរកែវ, លោក កង សារឿន ប្រធានគណបក្សស្រុកបរកែវ និងក្រុមការងារជាច្រើនរូបទៀត។
លោក ហ៊ាន វណ្ណហន បានថ្លែងអំពាវនាវដល់សមាជិក សមាជិការបស់គណបក្សប្រជាជនទាំងអស់ ទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា នៅលេខរៀងទី១៨ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងការចុះឃោសនា ប្រើប្រាស់រថយន្តចំនួន៩០គ្រឿង, ម៉ូតូ៦៣២គ្រឿងជួបជុំគ្នា នៅភោជនីយដ្ឋានតាខៀវ ដើម្បីស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន រួចចេញទៅតាមគោលដៅឃុំទាំង៦ស្រុកបរកែវ ខេត្តរតនគិរី។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ៕