(កណ្តាល)៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ បណ្ឌិតសភាចារ្យ ជូ វិជិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងអរិយក្សត្រ និងលោក លោក ចាន់ តារា អភិបាលក្រុង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងអរីយក្សត្រ បានដឹកនាំសមាជិក សមាជិកាបក្ស អបអរសាទរខួបអនុស្សវរីយ៍ខួបលើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលមាសមាជិកចូលរួមចំនួនសរុបប្រមាណជាង ៥០០០នាក់ មកពីសង្កាត់ចំនួន១១សង្កាត់ រួមមាន សង្កាត់អរិយក្សត្រ ព្រែកលួង ព្រែកអំពិល ព្រែកតាកូវ ស្វាយជ្រំ ពាមឧកញ៉ាអុង និងសង្កាត់សារិកាកែវ ដោយចែកចេញជាពីរផែន និងបន្តហែក្បួនឃោសនា នៅតាមមូលដ្ឋានសង្កាត់រៀងខ្លួន។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។
គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕