(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ បានរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងពិធីរំលឹកខួបលើកទី ៧២ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅគ្រប់មូលដ្ឋានឃុំ-សង្កាត់ទាំង៤៩ នៅទូទាំងខេត្តពោធិ៍សាត់ ដោយពុំរៀបចំប្រមូលផ្តុំជាលក្ខណទ្រង់ទ្រាយធំនោះទេ ។

ក្នុងនោះដែរ លោក ស៊ុយ សែម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តពោធិ៍សាត់ និងលោកស្រី ជា ខេង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងពិធីរំលឹកខួបលើកទី ៧២ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅឃុំត្រពាំងជង ស្រុកបាកាន ដោយមានសមាជិកគណបក្សប្រជាជនកម្ពុជា មកពីបណ្តាលភូមិនានានៃឃុំត្រពាំងជង បានចូលរួមដង្ហែសរុបប្រមាណ១៥០០នាក់ ។

ក្នុងថ្ងៃដំបូង ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងខេត្តពោធិ៍សាត់ ប្រព្រឹត្តដោយរលូនល្អប្រសើរពុំមានបាតុភាពអាក្រក់អ្វីកើតមាននោះទេ ទាំងបញ្ហាការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចំពោះអាកាសធាតុ មានភ្លៀងធ្លាក់ នៅទីតាំងមួយចំនួននាពេលរសៀលនេះ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕