(ភ្នំពេញ)៖ Bosch ជាក្រុមហ៊ុនឈានមុខគេមួយ នៅលើពិភពលោកខាង ផ្នែកផ្តត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្ម បង្កើនគុណភាពជីវិត នៅទូទាំងពិភពលោកតាមរយៈផលិតផល និងសេវាកម្ម ដោយបច្ចេកវិទ្យា ច្នៃប្រឌិតថ្មីខ្ពស់ បានធ្វើសន្និសីទសារព័ត៌មានរបស់ខ្លួន ប្រចាំឆ្នាំ២០១៦នេះ នៅថ្ងៃទី២៦ ខែកក្កដា នៅសណ្ឋាគារ Landscape ដោយបានបង្ហាញពីភាពជោគជ័យ លើកការចែកចាយមានការកើនឡើង និងផលិតផលថ្មីរបស់ខ្លួន សម្រាប់តម្រូវទីផ្សារកម្ពុជា ដែលកំពុងតែអភិវឌ្ឍកាន់តែប្រសើរនេះ ។
លោក Andre de Jong អគ្គនាយកក្រុមហ៊ុន Bosch ប្រចាំនៅកម្ពុជា ថ្លែងថា «កម្ពុជា ជាទីផ្សារដ៏សំខាន់មួយសម្រាប់ការរីកចម្រើន នៃអាជីវកម្មរបស់ Bosch នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចជាងប្រាំពីរភាគរយ ក្នុងអំឡុងពេលជាងប្រាំឆ្នាំមកនេះ ពិសេសយើងឃើញមានកំណើនគួឲ្យកត់សំគាល់ ក្នុងវិស័យសំណង់និងយានយន្ត។ ក្នុងនាមជាក្រុមហ៊ុន នាំមុខគេមួយក្នុង វិស័យបច្ចេកវិទ្យាយានយន្ត ប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ជាងជំនាញ Bosch បានពង្រីកនូវការផ្គត់ផ្គង់ផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ ដើម្បីលើកកម្ពស់កំរិតស្តង់ដាគុណភាពក្នុងវិស័យទាំងពីរនេះទូទាំងកម្ពុជា»។
លោកបន្ដថា «ការអភិវឌ្ឍន៍ជាវិជ្ជមាន លើគ្រប់វិស័យអាជីវកម្មទាំងអស់របស់ Bosch នៅក្នុងឆ្នាំ២០១៥ កន្លងទៅវិស័យអាជីវកម្មផ្នែកបច្ចេកវិទ្យាយានយន្តរបស់ Bosch នៅក្នុងប្រទេសកម្ពុជា នៅតែបន្តទទួលបានកំណើន ជាវិជ្ជមានស្របគ្នាទៅនឹងការរីកចម្រើន របស់វិស័យយានយន្តនៅកម្ពុជា ហើយកំណើននេះនឹងធ្វើឲ្យ យានយន្តនៅកម្ពុជាកាន់តែចម្រុះម៉ូដម៉ាក ដូច្នេះ Bosch គាំទ្រការអភិវឌ្ឍន៍នេះ ដោយពង្រីកនូវប្រភេទផលិតផលបន្ថែមជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ។ ជាពិសេសនៅក្នុងឆ្នាំនេះ ក្រុមហ៊ុនបានចាប់ផ្តើមផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់យានយន្តធន់ធំ ដែលស្របគ្នាទៅនឹងគោលការណ៍ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលកំពុងជម្រុញ ពង្រឹងសុវត្ថិភាពយានយន្តធន់ធំ ដែលកំពុងធ្វើចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា» ។
លោកបន្ដទៀតថា អាជីវកម្មផ្នែកនេះ មានការរីកលូតលាស់យ៉ាងខ្លាំង ក៏ដោយសារកំណើនដ៏ខ្ពស់ នៃវិស័យសំណង់នៅកម្ពុជាផងដែរ ដែលការវិនិយោគនៅទូទាំង ប្រទេសកើនដល់ទៅ៣៣ ភាគរយ ស្មើនឹង៣.៣ប៊ីលានដុល្លារ ដូចនេះហើយ បានជា Bosch មានគោលដៅគាំទ្រដល់ការរីកចម្រើន ផ្នែកបច្ចេកវិទ្យានៃវិស័យសំណង់នៅកម្ពុជា ដោយយល់ថាការរីកចម្រើននេះ នឹងអាចមានសន្ទុះ កាន់តែលឿន ប្រសិនបើអ្នកសាងសង់អាចមាន ឧបករណ៍ដែលសាកសមបំផុតសម្រាប់គាត់។
លោក De Jong បានបន្ថែមថា «ក្នុងឆ្នាំ២០១៥ យើងបានណែនាំជូននូវឧបករណ៍ជាងថ្មីជាច្រើនហៅថា ជម្រើសសម្រាប់អ្នកម៉ៅការ ដែលជាឧបករណ៍ដែល Bosch បានរចនាសាជាថ្មី រក្សានូវភាពធន់ និងប្រសិទ្ធភាពខ្ពស់ ខណៈដែលតម្លៃត្រឹមមធ្យមតែប៉ុណ្ណោះ។ តាមរយៈនេះ Bosch ជួយឲ្យជាងជំនាញកាន់តែច្រើនអាចទទួលយកនូវឧបករណ៍គុណភាពល្អទៅប្រើប្រាស់»។
វិស័យអាជីកម្មផ្នែកបច្ចេកវិទ្យាឧស្សាហកម្មរបស់ Bosch បានបោះជំហានចូលមក ក្នុងប្រទេសកម្ពុជាជាមួយនឹង ផ្នែកគ្រឿងចក្របញ្ជាកាលពី ដើមឆ្នាំ២០១៥ ដើម្បីសិក្សាអំពីឱកាសអាជីវកម្ម និងសម្រាប់គាំទ្រដល់ គោលនយោបាយអភិវឌ្ឍឧស្សាហកម្ម របស់កម្ពុជា (IDP 2015-2025) ដែលមានគោលបំណងពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុក។ ជាមួយនឹងផ្នែកថ្មីនេះ Bosch ធ្វើការផ្តល់ជូននូវផលិតផល បន្ថែមដូចជាគ្រឿងបង្គុំ និងគ្រឿងបន្លាស់សម្រាប់ម៉ាស៊ីន និងឧបករណ៍ធុនធំ ដែលប្រើនៅក្នុង ឧស្សាហកម្មរោងចក្រ កសិកម្ម និងសំណង់ ក៏ដូចជារ៉ែ និងថាមពលផងដែរ។
លោកបន្ថែមទៀតថាជាងនេះទៅទៀត Bosch បានលើកស្ទួយការបង្កើនគុណភាពជីវិតតាមសហគមន៍ ការបង្កើនគុណភាពនៃជីវិត ជាគោលដៅចម្បងនៃអាជីវកម្មរបស់ Bosch ហើយវាជាគោលគំនិត ដ៏សំខាន់មួយដែលក្រុមហ៊ុនប្រកាន់ខ្ជាប់ និងតាំងចិត្តសម្រាប់ការជួយដល់សហគមន៍ក្នុងប្រទេសដែល Bosch មានវត្តមាន។ នៅក្នុងប្រទេសកម្ពុជា Bosch បានជួយគាំទ្រជាបន្តបន្ទាប់ដល់វិស័យ អប់រំវិជ្ជាជីវជំនាញ និងចូលរួមក្នុងសកម្មភាព អភិវឌ្ឍសង្គមនានា ដោយកាលពីខែមេសា ឆ្នាំ២០១៦ថ្មីៗនេះ បុគ្គលិក Bosch បានចូលរួមជាមួយអង្គការ Habitat for Humanity ក្នុងកម្មវិធី Habitat Young Leaders Build ដែលមានសិស្សនិស្សិតជាង២០០០នាក់ មកពីសាលាអន្តរជាតិ និងមហាវិទ្យាល័យ ជាងដប់នៅក្នុងប្រទេស ចូលរួមដោយស្ម័គ្រចិត្តយ៉ាងសកម្មដើម្បីជួសជុលផ្លូវថ្នល់ និងផ្ទះសម្រាប់ប្រជាជន នៅក្នុងសហគមន៍ព្រែកអញ្ចាញ។
គួររម្លឹកថា Bosch បានមានវត្ដមានៅកម្ពុជាក្នុងឆ្នាំ២០១០ បច្ចុប្បន្ននេះ មានប្រតិបត្តិការក្នុងស្រុក តាមរយៈក្រុមហ៊ុនឈ្មោះ រ៉ូប៊ើត ប៊ូស្ស (ខេមបូឌា) ខូ អិលធីឌី ដែលនាំចូលនូវគ្រឿងបន្លាស់រថយន្ត ឧបករណ៍ជាងជំនាញ ប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យាគ្រឿងចក្របញ្ជា និងបច្ចេកវិទ្យាកំដៅ។ ក្រៅពីប្រតិបត្តិការអាជីវកម្ម Bosch ក៏បានរួមចំណែកអភិវឌ្ឍវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញនៅកម្ពុជា ដោយធ្វើការផ្តល់ជូននូវការហ្វឹកហ្វឺនដោយអ្នកជំនាញរបស់ខ្លួន និងឧបត្ថមជាឧបករណ៍ និងម៉ាស៊ីនដើម្បីលើកកម្ពស់កំរិតស្តង់ដារ នៃការបណ្តុះបណ្តាលវិជ្ជាជីវជំនាញរបស់អង្គការមិនរកប្រាក់ចំណូល និងសាលាបណ្តុះបណ្តាលវិជ្ជាជីវជំនាញ នៅក្នុងស្រុក។សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.bosch.com.kh៕