(ព្រៃវែង)៖ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ នៅកំពង់ចម្លងអ្នកលឿងត្រើយខាងកើត ស្ថិតក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពីធីរំលឹកខួបលើកទី៧២ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា។

ពិធីនេះ ធ្វើឡើងដោយមានការចូលរួមពីបេក្ខជនពេញសិទ្ធិ និងបម្រុងសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ប្រមាណជាង ៥០០០នាក់ ។

បន្ទាប់ពីសា្តប់សេចក្តីថ្លែងបើកយុទ្ធនាការឃោសនាបោះឆ្នោតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ដោយកសាងបាននូវសមិទ្ធផលជាច្រើនគ្រប់វិស័យនៅទូទាំងប្រទេសដូចដែលយើងទាំងអស់គ្នាបានដឹង និងបានឃើញស្រាប់។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានគូសបញ្ជាក់អំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនីតិកាលទី៦នេះ រួមមានកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះ អង្គព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។

ទន្ទឹមនឹងនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសុំឱ្យប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋទូទាំងប្រទេសទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ក្នុងសន្លឹកឆ្នោតដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាឱ្យកាន់ល្អប្រសើរថែមទៀត៕