(កណ្តាល)៖ នៅព្រឹកថ្ងៃសៅរ៍ ១៤កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២៣នេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល ស្រុលល្វាឯម ក្រុងអរិយក្សត្រ និងស្រុកកៀនស្វាយ អញ្ជើញអបអរសាទខួបលើកទី៧២ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា និងប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧ ។

បន្ទាប់ពីស្តាប់សេចក្តីថ្លែងការណ៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជារួច អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តបើកក្បួនដង្ហែឃោសនាបោះឆ្នោតតាមផ្លូវគោលដៅ ដែលបានកំណត់ និងជួបជាមួយសមាជិកគណបក្សតាមមណ្ឌលសកម្មភាព នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ក្នុងនោះដែរមានសមាជិកចូលរួមមាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានឃុំទាំង១២ ប្រធាន អនុប្រធានក្រុមការងារគណបក្សខេត្តកណ្តាល លោក លោកស្រីសមាជិកក្រុមការងារចុះមូលដ្ឋានស្រុក ឃុំ ក្រុមការងារយុវជនគណបក្សចុះជួយស្រុក ឃុំ ប្រធាន អនុប្រធាន សមាជិកគណកម្មាធិកាគណបក្សស្រុក គណកម្មាធិការគណបក្សឃុំ ក្រុមការងារយុវជនគណបក្សឃុំ និងទាំង១២ សរុបប្រមាណ៤០០០នាក់។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕