(កណ្តាល)៖ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្រុកល្វាឯម លោក គង់ វិបុល ប្រធានគណៈកម្មាធិការបក្សមូលដ្ឋាន អគ្គនាយកដ្ឋានពន្ធដារ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកល្វាឯម តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានអញ្ជើញជាអធិបតីពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត និងហែក្បួនគ្រប់មូលដ្ឋានទូទាំងស្រុកល្វាឯម ដែលមានសមាជិក សមាជិកាចូលរួមសរុបប្រមាណជិត ៥០០០នាក់។

បន្ទាប់ពីបានស្តាប់សារដ៏មានអត្ថន័យ និងខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួចមក លោក គង់ វិបុល បានអំពាវនាវដល់សមាជិកបក្សទាំងអស់ ត្រូវត្រៀមខ្លួន ត្រៀមឯកសារ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត។

ក្នុងពិធីនោះលោក គង់ វិបុល និងសមាជិក សមាជិកគណបក្សទូទាំងស្រុកល្វាឯម ខេត្តកណ្តាល បានប្រកាសគាំទ្រសម្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ៕