(កណ្តាល)៖ លោកបណ្ឌិត កែវ បេងវឌ្ឍន៍ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ព្រែកអំពិល និងសង្កាត់ព្រែកលួង បានដឹកនាំសមាជិក សមាជិកាគណបក្សប្រមាណជិត ២៥០០ នាក់ បើកយុទ្ធនាការហែក្បួនឃោសនាបោះឆ្នោតនៅថ្ងៃដំបូង នៅសង្កាត់ព្រែកអំពិល និងសង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
បន្ទាប់ពីបានស្តាប់សារដ៏មានអត្ថន័យ និងខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួចមក លោកបណ្ឌិត កែវ បេងវឌ្ឍន៍ បានអំពាវនាវដល់សមាជិកបក្សទាំងអស់ ត្រូវត្រៀមខ្លួន ត្រៀមឯកសារ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត។
ក្នុងពិធីនោះលោកបណ្ឌិត កែវ បេងវឌ្ឍន៍ និងសមាជិក សមាជិកាគណបក្សទូទាំងអស់ បានប្រកាសគាំទ្រសម្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ៕