(កណ្តាល)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកមុខកំពូល និងជាបេក្ខជន តំណាងរាស្រ្ត មណ្ឌលខេត្តកណ្តាល បានដឹកនាំបើកយុទ្ធនាការ ហែក្បួនឃោសនាបោះឆ្នោត នៅថ្ងៃដំបូង នៅស្រុកមុខកំពូល ដោយមានអ្នកចូលរួមប្រមាណជិត ៤០០០នាក់ នៅទីស្នាក់ការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ស្រុកមុខកំពូល ខេត្តកណ្តាល។
បន្ទាប់ពីបានមើលរូបភាព និងស្តាប់ការផ្សាយបន្តផ្ទាល់ ពីរាជធានីភ្នំពេញ នូវសេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សរួចមក លោក វង្សី វិស្សុត មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា សម្រេចបាននូវស្នាដៃ និងសមិទ្ធផលធំៗ ជាប្រវត្តិសាស្រ្តរាប់មិនអស់ ជូនប្រទេសជាតិ ក្នុងរយៈពេល៤៤ឆ្នាំ កន្លងមកនេះ បន្ទាប់ពីបានរំដោះប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងកសាងប្រទេស ពីបាតដៃទេ ហើយជាពិសេស ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ ដែលបានធ្វើឱ្យកម្ពុជា ទទួលបានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ហើយប្រជាជន កាន់តែមានជីវភាព ប្រសើរឡើង បន្ទាប់ពីការសម្រេច បាននូវសុខសន្តិភាពពេញលេញ, ឯកភាពជាតិ, ឯកភាពទឹកដី និងការបង្រួបបង្រួមជាតិ ដែលបានបាត់បង់ អស់រយៈពេលជាង ៥០០ឆ្នាំ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
លោក វង្សី វិស្សុត បានបន្តថា គោលដៅជាចម្បង របស់គណបក្សប្រជាជនកម្ពុជា សម្រាប់រយៈពេល ៥ ខាងមុខទៀត គឺធ្វើទំនើបកម្មប្រទេសកម្ពុជា ឱ្យកាន់តែមានការអភិវឌ្ឍជឿនលឿន និងបន្តរីកចម្រើនលូតលាស់ទៅមុខ ឱ្យស្មើមុខស្មើមាត់ ដូចប្រទេសនានា ក្នុងតំបន់ និងពិភពលោក ពោលគឺសំដៅក្លាយជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក វង្សី វិស្សុត បានអំពាវនាវដល់ សមាជិកសមាជិកាគណបក្សទាំងអស់ សូមនាំគ្រួសារ បងប្អូន និងញាតិមិត្ត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោត ជូនគណបក្សប្រជាជន កម្ពុជា មានលេខរៀងទី១៨ ដែលមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីសន្ដិភាព ស្ថេរភាព និង ការអភិវឌ្ឍ ព្រមទាំងដើម្បីលើកតម្កើង ជីវភាពខ្លួនឯង។
សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងពិធីទាំងមូល បានប្តេជ្ញាចិត្តបោះឆ្នោតគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេន នាពេលអនាគត៕