(កោះកុង)៖ លោក មាស ប៊ុនឡី ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកបូទុមសាគរ ខេត្តកោះកុង នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណ៨២៥នាក់ បើកយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត នៅឃុំអណ្តូងទឹក សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ មានការចូលរួមពីលោក ក្រូច បុរីសីហា ប្រធានគណបក្សស្រុក, លោក ចា វណ្ណឌី, លោកស្រី លឹម ពេជ្រសា, លោកស្រី ហុឹម ច្រឹប និងក្រុមការងារជាច្រើនរូបទៀតផងដែរ។

លោក មាស ប៊ុនឡី បានថ្លែងអំពាវនាវដល់សមាជិក សមាជិការបស់គណបក្សប្រជាជនទាំងអស់ សូមគៀងគរសាច់ញាតិឲ្យទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗគ្នា នៅលេខរៀងទី១៨ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងឱកាសចុះឃោសនា ប្រើប្រាស់រថយន្ត៨៨គ្រឿង ម៉ូតូ៤៣៥គ្រឿង និងមេក្រូ បានជួបជុំគ្នានៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអណ្តូងទឹក ដើម្បីស្ដាប់ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន រួចចេញទៅតាមគោលដៅនីមួយៗ ក្នុងភូមិទាំង៧ នៃឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕