(ភ្នំពេញ)៖ ស្រាបៀរកម្ពុជា នឹងនាំអតិថិជនឆ្នើមប្រចាំឆ្នាំ២០១៦ចំនួន៥៦រូប ទៅកម្សាន្តនៅប្រទេសជប៉ុនចំនួន៦យប់៧ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកក្កដា រហូតដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦។

អតិថិជនឆើ្នមប្រចាំឆ្នាំ២០១៦ រួមមានអ្នកលក់ដុំស្រាបៀរកម្ពុជា ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ក្លឹបកម្សាន្ត និងម្ចាស់មជ្ឍមណ្ឌលកម្សាន្តផ្សេងៗ ដែលដាក់លក់ស្រាបៀរកម្ពុជា។
 
លោក ឡោ ឋានៈ ម្ចាស់ហាងលក់ភេសជ្ជៈឡោ ឋានៈ ដែលលក់ដុំស្រាបៀរកម្ពុជាបានឲ្យដឹងថា «ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលត្រូវបានក្រុមហ៊ុនជ្រើសរើស ឲ្យចូលរួមក្នុងដំណើរកម្សាន្ត នៅប្រទេសជប៉ុន ពីព្រោះខ្ញុំចង់ស្គាល់ប្រទេសជប៉ុនយូរហើយ ហើយអ្វីដែលខ្ញុំត្រៀម គឺអាវរងារពីព្រោះតាមខ្ញុំដឹងយើងត្រូវ ទៅលេងភ្នំហ្វូជី មានអាកាសធាតុត្រជាក់ខ្លាំង»

លោក ឈាង វណ្ណី ម្ចាស់ក្លឹបកម្សាន្តនាគមាសបានលើកឡើងថា «ខ្ញុំសប្បាយចិត្តណាស់ ពីព្រោះខ្ញុំអាចនាំសមាជិកគ្រួសារខ្ញុំពីរនាក់ទៀតទៅជាមួយខ្ញុំ ដោយសាខ្ញុំអាចលក់បានច្រើនក្នុងឆ្នាំនេះ»

លោក ភីតធឺ លាង អគ្គនាយកក្រុមហ៊ុនខែ្មរប្រ៊ូវើរី លីមីតធីត ដែលផលិតស្រាបៀរកម្ពុជា បានឲ្យដឹងថា «យើងរៀបចំដំណើរកម្សាន្តនេះឡើង ដើម្បីថ្លែងអំណរគុណដល់អតិថិជន​ឆ្នើមប្រចាំឆ្នាំ២០១៦ ដែលពួគគាត់បានខិតខំប្រឹងប្រែងលក់ស្រាបៀរកម្ពុជា គ្រប់តាមគោលដៅដែលក្រុមហ៊ុនបានកំណត់ឲ្យកាលពីដើមឆ្នាំ»

លោកភីតធឺ បានបន្តទៀតថា «ដោយសារពួកគាត់ ទើបក្រុមហ៊ុនមានភាពជោគជ័យ រហូតដល់ពេលនេះ ដូច្នេះយើងត្រូវតែតបស្នងពួកគាត់វិញ ដោយរៀបចំដំណើរកម្សាន្តទៅបរទេស។ ឆ្នាំនេះយើងនាំពួកគាត់ទៅប្រទេសជប៉ុន ហើយនៅឆ្នាំក្រោយ យើងនឹងនាំពួកគាត់ទៅកាន់ប្រទេសផ្សេងៗទៀត»

នេះមិនមែនជាលើកទីមួយទេ ដែលស្រាបៀរកម្ពុជាបាននាំអតិថិជនឆ្នើមរបស់ខ្លួនទៅកម្សាន្តនៅបរទេស។ នៅឆ្នាំ២០១៥ ស្រាបៀរកម្ពុជា បាននាំអ្នកលក់ដុំទៅកម្សាន្តនៅប្រទេសម៉ាឡេស៊ី និងទីក្រុងហុងកុង៕