(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ហេង វុទ្ធី សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណៈកម្មការ (ខ២៧) បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំអារក្សត្នោត ចូលរួមក្នុងពិធីអបអរសាទរ ការបេីកយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រេីសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ការដង្ហែក្បួនបេីកយុទ្ធនាការឃោសនាបោះឆ្នោត នីតិកាលទី៧នេះ បានប្រព្រឹត្តទៅយ៉ាងអធិកអធមដោយមានសមាជិក សមាជិកាគណបក្សចូលរួម ចំនួន១,១២១នាក់ រថយន្ដចំនួន៧២គ្រឿង ម៉ូតូចំនួន៥០៤គ្រឿង និងមានមេក្រូជាច្រើនគ្រឿង ដោយមានការលាយឡំទៅនឹងសម្លេងឧឃោសនសព្ទ និងសម្រែកជ័យឃោសប្រកបទៅដោយខ្លឹមសារអត្ថន័យ នៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

ក្នុងពេលជាមួយគ្នានេះ លោកបានចាត់ឲ្យលោក សាន សុភា អនុប្រធានគណ:កម្មការខ២៧ និងជាអនុប្រធានក្រុមការងារចុះជួយឃុំទួលសំបួរ ដឹកនាំលោក លោកស្រីក្រុមការងារចុះជួយភូមិទាំង៤ និងសមាជិក សមាជិកា គណបក្សឃុំទួលសំបួរ ចូលរួមក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។ សមាជិក សមាជិកាបានចូលរួមដង្ហែក្បូន សរុប៤២០នាក់ ប្រើប្រាស់មធ្យោបាយរថយន្ត ចំនួន៣៥គ្រឿង និងម៉ូតូ ចំនួន១៥០គ្រឿង។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕