(ឧត្ដរមានជ័យ)៖ លោក គន់ គីម សមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយគណបក្សខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកា ប្រមាណជាង៩,០០០នាក់ ក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧។

ក្នុងឱកាសនោះ លោក គន់ គីម បានប្រគល់ទង់បក្ស និងទង់ជាតិ ជូនដល់ក្រុមការងារតាមឃុំនីមួយៗ ជាសក្ខីភាពនៃការចាប់ផ្តើមយុទ្ធនាការឃោសនា ព្រមទាំងគូសបញ្ជាក់ផែនការចុះឃោសនាតាមមូលដ្ឋាននីមួយៗ ជូនដល់ឃោសនិកដើម្បីបន្តការងារតាមឃុំរៀងៗខ្លួនពិសេស គឺត្រូវបញ្ជាក់ជូនប្រជាពលរដ្ឋឲ្យបានយល់ជ្រូតជ្រាបពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕