(ក្រចេះ)៖ នៅថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូង, លោក ស៊ូម សារឿន អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំជ្រោយបន្ទាយ និងឃុំសោប រួមជាមួយក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំទាំងពីរ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូង ក្នុងស្រុកព្រែកប្រសព្វ។
សមាជិកសមាជិកាចូលរួមដង្ហែទូទាំងស្រុកព្រែកប្រសព្វ មានចំនួន ៥០០០នាក់ រថយន្ត១២៥គ្រឿង ម៉ូតូ២០៥០គ្រឿង។
ក្នុងពិធីដង្ហែក្បួនយទ្ធនាការឃោសនានោះដែរ មានការចាក់សារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឱ្យសមាជិកសមាជិការបានស្តាប់ផងដែរ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។
គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕