(កំពង់ធំ)៖ លោក ឃឹង នុភាព ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ បានដឹកនាំសមាជិក១៥០០នាក់ ដង្ហែក្បួនធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត​ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សម្រាប់ថ្ងៃឃោសនាដំបូងដែលមានឃុំចំនួន៣ ចូលរួមនៅក្នុងស្រុកប្រាសាទសំបូរ។

លោក ឃឹង នុភាព បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំប្រទេសពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍដូចសព្វថ្ងៃនេះ ក្នុងនោះមានទាំងការរីកចំរើន និងអភិវឌ្ឍន៍ជឿនលឿនផងដែរ។

លោកបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី មានទស្សនវិស័យខ្ពស់ និងការវាយតម្លៃសភាពការណ៍ច្បាស់លាស់ ដោយហានធ្វើការអារកាត់ សម្រេចចិត្តបានត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា សំខាន់បំផុត គឺការជ្រើសរើសប្រភេទវ៉ាក់សាំង និងការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងទូទាំងប្រទេស រហូតបង្កើតបានភាពស៊ាំក្នុងសហគមន៍ ដែលនាំទៅដល់ការបើកប្រទេសឡើងវិញលើគ្រប់វិស័យ ហើយទាំងនេះ គឺជាការគិតគូរទៅដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់ឡើយ។

លោក ឃឹង នុភាព បានអំពាវនាវបងប្អូនសូមអញ្ជើញចូលរួមទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ មានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្ស នយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕