(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រយា បានដឹកនាំសមាជិកជិត ៣០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងមូលដ្ឋានឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងឱកាសនេះលោក ជា វ៉ាន់ចាន់ បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាចុះជួយឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ សូមថ្លែងអំណរគុណ និងសំដែងការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះសមាជិក សមាជិកា បងប្អូនប្រជាជនក្នុងឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំទាំងអស់ ដែលជានិច្ចជាកាលតែងតែគាំទ្រ និងមានជំនឿជឿជាក់ផ្ដល់យុត្តិធម៌ ក្នុងដំណាក់កាលនៃការបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគាំទ្រដល់ការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចអគ្គមហាសេនាបតីហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសន្តិភាព ដើម្បីប្រជាធិបតេយ្យ ដើម្បីការអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា។
លោកបានបន្តថា ទឹកចិត្ត និងឆន្ទៈដ៏ឧត្តុងឧត្តម ជាប្រភពដ៏ធំធេងមិនចេះរីងស្ងួត ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដឹកនាំ និងការបម្រើប្រជាជាតិ ប្រកបដោយជ័យជំនះដ៏ធំធេង រយៈពេលជាង ៤០ឆ្នាំកន្លងមក ។
លោកបានបន្ថែមទៀតថា ថ្ងៃនេះជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ ឆ្នាំ២០២៣ ដូច្នេះសូមឲ្យសមាជិក សមាជិកា បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានជំហរច្បាស់លាស់ សម្រេចចិត្តឲ្យបានត្រឹមត្រូវក្នុងការបោះឆ្នោត ដើម្បីកំណត់នូវជោគវាសនារបស់ប្រទេសជាតិ ក៏ដូចជាកំណត់នូវជោគវាសនារបស់ខ្លួនឯងផងដែរ។
ចុងក្រោយលោក សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា នៅលេខរាងទី១៨ ដែលមានមាននិមិត្តសញ្ញា ទេវតាបាចផ្កាជាសម្គាល់៕