(ព្រះវិហារ)៖ លោក ចាន់ នន់វិទ្យា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ នៅស្រុកសង្គមថ្មី ដែលមានសមាជិក សមាជិកា ចូលរួមជាង១០០០នាក់។

ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី១ របស់គណបក្សប្រជាជនកម្ពុជាស្រុកសង្គមថ្មី នាឱកាសនោះ ក៏មានការចូលរួមពីលោក យ៉ុង គឹមហាន អនុប្រធានក្រុមការងារគណបក្សខេត្តចុះជួយស្រុកសង្គមថ្មី ព្រមទាំងថ្នាក់ដឹកនាំគណបក្សស្រុក ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកសង្គមថ្មី និងតាមឃុំទាំង៥ជាង១០០០នាក់។

បន្តាប់ពីបានស្តាប់សារដ៍មានអត្ថន័យ នឹងខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួចមក, លោក ចាន់ នន់វិទ្យា បានថ្លែងប្រាប់សមាជិកបក្សទាំងអស់ក្នុងខេត្តព្រះវិហារ ត្រូវត្រៀមខ្លួន ត្រៀមឯកសារ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្បុជាបន្តដឹកនាំ ប្រទេសឆ្ពោះទៅកាន់សុខសន្តិភាពនិងការអភិវឌ្ឍតទៅទៀត។

បើតាមលោក ជ ម៉ាប់ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តព្រះវិហារ បានថ្លែងប្រាប់ឱ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ខេត្តព្រះវិហារ មានគណបក្សនយោបាយ ចូលរួមបោះឆ្នោតចំនួន១២គណបក្ស។

នៅថ្ងៃទី១ ដែលជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ខេត្តព្រះវិហារ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ សម្រាប់គណបក្សចំនួន១១ទៀត អាចនឹងបើកយុទ្ធនាការនៅថ្ងៃខាងមុខ ឬក៏ថ្ងៃបញ្ចប់យុទ្ធនាការ៕