(កណ្តាល)៖ នៅថ្ងៃសៅរ៍ ទី​១​ ខែកក្កដា​ ឆ្នាំ២០២៣នេះ លោកស្រីកិត្តិសង្គហបណ្ឌិត​ ឃួន​ សុដារី​ អនុប្រធានទី២​ នៃរដ្ឋសភា​ សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា​ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល​ចុះមូលដ្ឋានស្រុកលេីកដែក​  បានអញ្ជេីញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៧២​ ថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា​ (២៨​ មិថុនា​ ១៩៥១​ ~ ២៨​ មិថុនា​ ២០២៣)​ និងដឹកនាំក្បួនព្យុះហយាត្រា​បេីកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រនីតិកាលទី៧​ ឆ្នាំ២០២៣​។

នាឱកាសនេះ ក៏មានការអញ្ជើញចូលរួមផងយ៉ាងច្រើនកុះករផងដែរពីលោក ហេង រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក លោក លោកស្រី ជាប្រធាន អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានក្នុងឃុំទាំងប្រាំពីរក្នុងស្រុកលើកដែក ព្រមទាំងអភិបាលស្រុកលើកដែក សមាជិក សមាជិកា គណៈកម្មាធិការបក្សក្នុងជួរគណបក្សស្រុក-ឃុំ កងកម្លាំងទាំងបី មន្រ្តីរាជការ លោកមេឃំគ្រប់ឃុំ និវត្តន៍ជន និងអតីតយុទ្ធជនសរុបប្រមាណ​ជាង ៥,០០០នាក់។

បន្ទាប់ពីបានស្តាប់សារដ៏មានអត្ថន័យ និងខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួចមក លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានប្រាប់សមាជិកបក្សទាំងអស់ក្នុងស្រុកលើកដែក ត្រូវត្រៀមខ្លួន ត្រៀមឯកសារ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។