(កណ្តាល)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្អាង នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាឃុំ ក្នុងស្រុកស្អាង ជាង ៣,០០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។
ពិធីដង្ហែក្បួនឃោសនានេះ ដោយធ្វើដំណើរចេញពីមុខវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកអំបិល ក្នុងឃុំព្រែកអំបិល តាមបណ្តោយផ្លូវជាតិលេខ២១ ទៅកាន់ឃុំកោះខែល ឃុំទឹកវិល ឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវ រហូតដល់គោលដៅព្រំប្រទល់ស្រុកស្អាង និងក្រុងតាខ្មៅ រួចបត់ត្រឡប់ក្បួនសំដៅទៅកាន់ឃុំរបស់ខ្លួនវិញ។
នាកាសនោះក៏មានការបើកឱ្យស្តាប់សន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្តីពីការអបអរសាទរខួបលើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។
នាឱកាសនោះដែរ លោក ប្រាក់ សុខុន បានសំដែងសេចក្តីភាពរីករាយជាទីបំផុត និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ក្រុមការងារចុះមូលដ្ឋានស្រុកស្អាង និងសមាជិក សមាជិកាទាំងអស់ ដែលបានមកជួបជុំគ្នាថ្ងៃនេះ ដើម្បីដង្ហែក្បួនឃោសនាបោះឆ្នោតសម្តែងការគាំទ្រគោលនយោបាយ និងអំណាចរបស់គណបក្សប្រជាជនកម្ពុជា។
លោកក៏បានសង្កត់ធ្ងន់ថា ការដង្ហែក្បួននេះ ដើម្បីនាំគណបក្សប្រជាជនកម្ពុជាឆ្ពោះទៅកាន់ជ័យជំនះសាជាថ្មី ដែលនឹងនាំមកនូវប្រជាជនកម្ពុជានូវសន្តិភាព ឯកភាពជាតិ សាមគ្គីភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិយើង។
ពិធីដង្ហែក្បួនឃោសនានេះ មានអ្នកចូលរួមប្រមាណជា ៣,០០០នាក់ ដែលក្នុងនោះ មានម៉ូតូ ១,០២០គ្រឿង រថយន្ត១៨គ្រឿង មីក្រូ ១៥គ្រឿង តន្ត្រីសម័យ២វង់ និង ឆៃយ៉ាំ២វង់។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ៕