(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ លោក វង្ស ពិសេន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង បានដឹកនាំក្បួនដង្ហែបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកពារាំង ខេត្តព្រៃវែង។

បន្ទាប់ពីបានស្តាប់សារ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ និងរំឭកខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា រួចមក ឯកឧត្តមប្រធានក្រុមការងារ បានដឹកនាំក្បួនដង្ហែចេញពីឃុំកំពង់ប្រាំង ឆ្ពោះទៅកាន់បណ្តាឃុំក្នុងស្រុកពារាំង ដោយមានការចូលរួមពីសមាជិក-សមាជិកា ប្រមាណជិត ២ ម៉ឺននាក់។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕