(តាកែវ)៖ នៅថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៣នេះ នៅឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ បានរៀបចំពីធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ក្រោមអធិបតីភាព លោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក ទិត សុធា និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ព្រមទាំងប្រធានបក្សឃុំ បក្សភូមិសមាជិក សមាជិការគណប្រជាជនកម្ពុជាក្នុងឃុំកុមារាជាប្រមាណ៤០០នាក់។
សមាជិកសមាជិកាដែលបានចូលរួមជួបជុំនៅទីស្នាក់ការគណៈកម្មាធិការបក្សឃុំកុមាររាជាទាំងអស់គ្នា បានត្រងត្រាប់ស្តាប់ការផ្សាយបន្តផ្ទាល់នូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងបើកយុទ្ធនាការឃោសនាបោះឆ្នោតទូទាំងប្រទេសដែលមានសមាជិក សមាជិកាចូលរួមជាង៧ម៉ឺនពីកោះពេជ្រ រាជធានីភ្នំពេញ ជាមួយនឹងការបញ្ជាក់អំពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់គណបក្សប្រជាជនកម្ពុជាក្នុងការបន្តកសាង អភិវឌ្ឍប្រទេស ការពារ លើកស្ទួយផលប្រយោជន៍របស់ប្រជាជន និងធានារក្សាសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង។
លោក ទិត សុធា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ការរួមសាមគ្គីគ្នារបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងឃុំកុមាររាជា ដោយទទួលស្គាល់សមិទ្ធផលការអភិវឌ្ឍរីកចម្រើននៅក្នុងភូមិ ឃុំនូវហេដ្ឋារចនាសម្ព័ន្ធដ៏ច្រើនសន្ធឹកសន្ធាប់ សេចក្តីសុខក្សេមក្សាន្តក្រោមម្លប់សន្តិភាពនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នឹងនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គ្រប់ៗគ្នា ហើយដែលរំពឹងថា នឹងទទួលបាននូវភាពរីកចម្រើនបន្ថែមទៀតក្នុងជីវភាពរស់នៅក្រោមកម្មវិធីនយោបាយជាអាទិភាពរបស់គណបក្សប្រជាជនកម្ពុជា។
លោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាល ដែលបានអញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតនាឱកាសនេះថា កាលដែលបងប្អូននាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្តដាខាងមុខនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការជ្រើសរើសគណបក្សដែលបានលះបង់អាយុជីវិតដើម្បីរំដោះជាតិ ហើយបាននិងកំពុងបម្រើ និងការពារ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។ លោក ស្វាយ ស៊ីថា បានបន្ថែមថា ការដែលបងប្អូនទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១៨លើសន្លឹកឆ្នោត គឺដើម្បីការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង ហើយបងប្អូននឹងទទួលបាននូវភាពសម្បូរសប្បាយ រស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម ប្រកបដោយការគោរពតម្លៃមនុស្ស និងលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យឱ្យកាន់តែរឹងមាំ ជាពិសេស គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនរយៈពេល៥ឆ្នាំ សម្រាប់អាណត្តិទី៧ខាងមុខនេះ ឱ្យសម្រេចបានជោគជ័យ និងសមិទ្ធផលធំៗជាច្រើនទៀត ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន ដែលផ្តល់នូវក្តីសង្ឃឹម ជឿជាក់ទៅរកអនាគតកាន់តែរុងរឿងភ្លឺស្វាង។
ក្រោយពីបញ្ចប់ការជួបជុំគ្នានៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារួចមក ក្រុមការងារ និងសមាជិក សមាជិកាទាំងអស់ បានបន្តចុះជួបប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ ដើម្បីបង្ហាញនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងផែនការអភិវឌ្ឍន៍ភូមិ ឃុំ ជាពិសេសការជម្រាបជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមពិនិត្យឯកសារដើម្បីបម្រើឱ្យការបោះឆ្នោតឱ្យបានត្រឹមត្រូវ និងសូមនាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ រូបសញ្ញាទេវតាបាចផ្កា កុំបីអាក់ខាន៕