(បន្ទាយមានជ័យ)៖ សមាជិកគណបក្សប្រជាជនចំនួន ១៦.០០០នាក់ មកពីគ្រប់ក្រុងស្រុករបស់ខេត្តបន្ទាយមានជ័យ មានមធ្យោបាយធ្វើដំណើររថយន្ត គោយន្ត រថយន្តកង់៣ ម៉ូតូ កង់ ជាច្រើនពាន់គ្រឿង ដឹកនាំដោយលោក កែ គឹមយ៉ាន សមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះពង្រឹងខេត្តបន្ទាយមានជ័យ ព្រមទាំងអនុប្រធាន សមាជិកក្រុមការងារគ្រប់ថ្នាក់ ប្រធាន អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតអាណិត្តិទី៧។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។
គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕