(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានប្រគល់ម៉ូតូ Honda Wave ៣គ្រឿង ដល់វរសេនាតូចការពារព្រំដែនលេខ៥០៨ តាមការសន្យាដោះស្រាយជូន ក្នុងឱកាសចុះសួរសុខទុក្ខកងកម្លាំង ដែលឈរជើងការពារខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នៅក្នុងបរិវេណសាលាខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន បានឲ្យដឹងថា ការផ្តល់ជូនម៉ូតូនាពេលនេះ គឺទៅតាមសំណូមពរមធ្យោបាយ និងភាពចាំបាច់របស់កងទ័ព ក្នុងវរសេនាតូចការពារព្រំដែនលេខ៥០៨ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលខេត្ត ដើម្បីពង្រឹងខឿនការពារឲ្យមានប្រសិទ្ធិភាពខ្ពស់តាមខ្សែបន្ទាត់ព្រំដែន។
ជាមួយគ្នានោះ លោកបានផ្តាំផ្ញើដល់លោកមេបញ្ជាការ មេបញ្ជាការរង វរសេនាតូចការពារព្រំដែនលេខ៥០៨ ត្រូវបន្តកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងជាមួយកងកម្លាំង គ្រប់កងឯកភាពឲ្យបានល្អប្រសើរ ជាពិសេសកងកងកម្លាំងជួរមុខ ការពារខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រូវចេះថែរក្សាសុខភាពឲ្យបានជាប្រចាំ ព្រោះរដូវនេះជារដូវវស្សាទៀតផង។ នៅក្នុងនោះដែរ បន្ទាប់ពីផ្តល់ជូនម៉ូតូ Honda Wave នោះរួចមក លោកបានបន្តទទួលដោះស្រាយបញ្ហាប្រឈម និងរឿងអយុត្តិធម៌មួយចំនួន ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ព្រមទាំងបានផ្តល់ស្បៀងសម្រាប់ បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតផងដែរ៕