(ស្វាយរៀង)៖ លោកបណ្ឌិត សៅ សុវណ្ណី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុករំដួល នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាបក្សជាច្រើននាក់ ចុះឃោសនារកសំឡេងឆ្នោតនៅឃុំបុស មន ស្រុករំដួល ខេត្តស្វាយរៀង។

នៅក្នុងឱកាសនោះ លោកបណ្ឌិត សៅ សុវណ្ណី បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ចូលរួមកៀងកបងប្អូនសាច់ញាតិឱ្យទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីបន្តបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនានៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕