(ព្រះវិហារ)៖ លោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសបើក យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានសមាជិក សមាជិកា ចូលរួមប្រមាណជាង ៣០០០នាក់ មកពីស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ។

ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី១ របស់គណបក្សប្រជាជនកម្ពុជា នៅខេត្តព្រះវិហារ នាឱកាសនោះ មានការចូលរួមពីលោកស្រី ចឹក ហេង សមាជិកព្រឹទ្ធសភា លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តព្រះវិហារ លោក គីម រិទ្ធី អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងបេក្ខជនតំណាងរាស្ត្របម្រុងមណ្ឌុលព្រះវិហារទាំង៦រូប ថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង ស្រុក ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ សរុបជាង៣០០០នាក់។

បន្តាប់ពីបានស្តាប់សារដ៏មានអត្ថន័យ និងខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួចមក លោក មាស សុភា បានប្រាប់សមាជិកបក្សទាំងអស់ក្នុងខេត្តព្រះវិហារ ត្រូវត្រៀមខ្លួន ត្រៀមឯកសារ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត។

បើតាមលោក ជ ម៉ាប់ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តព្រះវិហារ បានឱ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ខេត្តព្រះវិហារ មានគណបក្សនយោបាយចូលរួមបោះឆ្នោតចំនួន១២គណបក្ស។ ហើយនៅថ្ងៃទី១ ដែលជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ខេត្តព្រះវិហារ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ សម្រាប់គណបក្សចំនួន១១ទៀត អាចនឹងបើកយុទ្ធនាការនៅថ្ងៃខាងមុខឫក៏ថ្ងៃបញ្ចប់យុទ្ធនាការ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ៕