(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យនៅថ្ងៃទី០១ ខែកក្កដា  ឆ្នាំ២០២៣ អញ្ជើញជាអធិបតីដឹកនាំបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧២ និង​រំឭកខួបលើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានអ្នកចូលរួម២ម៉ឺននាក់។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

ក្រោមពីទទួលបានប្រសាសន៍របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជារួចមកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងក្នុងនាមគណបក្សប្រជាជនកម្ពុជា ក្នុងនាមតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ សូមប្តេជ្ញាចំពោះមុខជនរួមជាតិ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ថានឹងបន្ត
ប្រឹងប្រែងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធានានូវសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ ប្រកបដោយចីរភាព ដែលធ្វើឱ្យប្រជាជនគ្រប់រូបមានកំរិតជីវភាពកាន់តែប្រសើរឡើងឥតឈប់ឈរ និងរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម គោរពតម្លៃមនុស្សប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌។

ជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវដល់បងប្អូនជនរួមជាតិ សមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់ ដែលបានមើលឃើញច្បាស់នូវសកម្មភាពសមិទ្ធផល និងកម្មវិធីនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ និងមានលេខរៀងទី១៨ ក្នងសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យបោះឆ្នោតក្នុងភូមិ ឃុំ សង្កាត់របស់ខ្លួនកុំបីអាក់ខាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជ្រើសតាំង សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕