(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ចូលរួមអមដំណើរដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង និងលោកស្រី សុខ នារី គុយ សុផល បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភាឆ្នាំ២០២៣ នៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តកំពង់ឆ្នាំង បានធ្វើឡើងនៅក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ដោយមានការចូលរួមដឹកនាំពីសំណាក់លោកបណ្ឌិត អ៊ុក រ៉ាប៊ុន, លោកស្រី ជូ ប៊ុនអេង, លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។
ក្នុងពិធីនេះបន្ទាប់ពីមានការជួបជុំសមាជិកសមាជិកា និងបានស្ដាប់នូវសារពិសេសដែលមានសារៈសំខាន់របស់សម្ដេចតេជោ ហ៊ុន សែន រួចមក សមាជិកសមាជិកាទាំងអស់ ក៏បានបំបែកគ្នាហែក្បួននៅតាមមូលដ្ឋានរៀងៗខ្លួន។
ដោយឡែកនៅតាមបណ្ដាស្រុកមួយចំនួនទៀត ក្នុងខេត្តកំពង់ឆ្នាំង ក៏បានរៀបចំពិធីដង្ហែក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជានាថ្ងៃចាប់ផ្ដើមឃោសនាថ្ងៃដំបូងនៅតាមបណ្តាមូលដ្ឋានគ្រប់មូលដ្ឋាន ដែលមានសមាជិកសមាជិកាចូលរួមរាប់ម៉ឺននាក់ ដូចនៅក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរផងដែរ។
សូមបញ្ជាក់ថា បើតាមការផ្ដល់ព័ត៌មានពីក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំផ្លូវទូក ស្រុកកំពង់លែង ដែលបានផ្ដល់ព័ត៌មានមកភ្នាក់ងារអ្នកយកព័ត៌មានប្រចាំខេត្តកំពង់ឆ្នាំង នៅព្រឹកខេត្តទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា សមាជិកសមាជិកាគណ បក្សប្រជាជនកម្ពុជានៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ក៏បានរៀបចំបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃដំបូងផងដែរ។
ការបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ក៏មានសមាជិកសមាជិកាចូលរួមប្រមាណជិត១,០០០នាក់ ក្រោមអធិបតីភាពលោក ជួប ចំរើន, លោក ពុំ សុផល និងលោក ប៉ាត់ គន មេឃុំផ្លូវទូក រួមនឹងក្រុមការងារជាច្រើនរូបទៀត៕