(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យទី២៣ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងឱកាសលោកស្រី ចូលរួមឃោសនារកសំលេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៣។

ឆ្លៀងក្នុងឱកាសនោះ លោកស្រី ឃួន ឃុនឌី បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំប្រទេសពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍដូចសព្វថ្ងៃនេះ ក្នុងនោះមានទាំង ការរីកចំរើន និងអភិវឌ្ឍន៍ជឿនលឿនផងដែរ។

លោកស្រីថា «ការរីកចម្រើនទាំងនេះ ដោយសារតែការរួមគ្នាកសាងរបស់ប្រជាពលរដ្ឋ ខណៈដែលប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញសុខសន្តិភាព ទាំងនេះជាតម្លៃដែលបានផ្តល់ឲ្យយើង មានឱកាសបញ្ជូនកូនចៅ ទៅរៀនសូត្រចាប់ពីមតេយ្យរហូតដល់មហាវិទ្យាល័យ និងមានជីវភាពរស់នៅធូរធារ ដោយស្ថិតនៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ហើយមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិក៏មានការរីចំរើន ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង តភ្ជាប់ជាមួយផ្លូវជាតិគ្រប់តំបន់»។

លោកស្រីបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី មានទស្សនវិស័យខ្ពស់និងការវាយតម្លៃសភាពការណ៍ច្បាស់លាស់ ដោយហានធ្វើការអារកាត់ សម្រេចចិត្តបានត្រឹមត្រូវ, ច្បាស់លាស់ និងទាន់ពេលវេលា សំខាន់បំផុត គឺការជ្រើសរើសប្រភេទវ៉ាក់សាំង និងការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងទូទាំងប្រទេស រហូតបង្កើតបានភាពស៊ាំក្នុងសហគមន៍ ដែលនាំទៅដល់ការបើកប្រទេសឡើងវិញលើគ្រប់វិស័យ ហើយទាំងនេះ គឺជាការគិតគូរទៅដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់ឡើយ។

លោកស្រី ឃួន ឃុនឌី បានអំពាវនាវដល់បងប្អូនសូមអញ្ជើញចូលរួមទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែ កក្កដា ខាងមុខនេះឲ្យបានគ្រប់ៗគ្នានិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី ១៨ មានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕