(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ លោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អនុប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានស្រុកស្ទោង បានដឹកនាំសមាជិក គណបក្សប្រជាជនកម្ពុជា ចំនួន ៣ឃុំ គឺឃុំរុងរឿង ឃុំបន្ទាយស្ទោង និងឃុំព្រះដំរី ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានសមាជិកចូលរួមចំនួនជាង ១.៣០០នាក់ ដែលពិធីនេះប្រព្រឹត្តទៅ នៅក្នុងបរិវេណវត្តបទុម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ដង្ហែក្បួនរកសំឡេងឆ្នោត។

សមាជិក សមាជិកានៃអង្គពិធីទាំងមូល បានតាមដានស្ដាប់យ៉ាងយកចិត្តទុកដាក់នូវសុន្ទរកថានយោបាយ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងផ្ទាល់ចេញពីមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។

លោក សោម ស៊ុន បានឡើងថ្លែងអំណរគុណចំពោះសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា ដែលមានវត្តមាននាឱកាសនេះ  និងបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសមាជិកសមាជិកាគណបក្សប្រជាជនទាំងអស់ ព្រមទាំងប្រជាពលរដ្ឋដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជា ជារៀងរហូតមក និងបន្តអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាថ្មីទៀត ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត ព្រោះគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន គឺជាគណបក្ស បាននិងកំពុងដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿង លើគ្រប់វិស័យ។

លោក សោម ស៊ុន បានដឹកនាំបញ្ជាក្នុងការដង្ហែក្បួន បើកយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងមូលដ្ឋានឃុំទាំងបី គឺឃុំរុងរឿង ឃុំបន្ទាយស្ទោង និងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ ប្រកបដោយភាពអធិកអធម និងសប្បាយរីករាយ ក្រោមការគាំទ្រពីប្រជាពលរដ្ឋនៅតាមដងផ្លូវ ដើម្បីត្រៀមទទួលយកជ័យជម្នះ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕