(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានបើកិច្ចប្រជុំស្តីពី ត្រួតពិនិត្យការស្ថាបនាជញ្ជាំងបេតុងបឹងត្របែក បានស្នើរដល់មានការពន្លឿន ក្នុងការកសាងជញ្ជាំងបេតុងបឹងត្របែក ព្រោះតំបន់នេះ ពិជាមានសារៈសំខាន់ណាស់ សម្រាប់រំដោះទឹកនៅរាជធានីភ្នំពេញ។
លោក ប៉ា សុជាតិវង្ស បានសរសេរក្នុង Facebook Page ផ្លូវការរបស់លោកថា «បឹងត្របែក គឺជាប្រឡាយសំខាន់ ដែលអាចរំដោះទឹកបានមួយភាគធំ នៃរាជធានីភ្នំពេញយើង។ បច្ចុប្បន្ន ប្រឡាយនេះត្រូវធានាបញ្ជូនទឹកឱ្យបាន ២៣ម៉ែត្រគីបក្នុងមួយវិនាទី សម្រាប់សមត្ថភាពបូមនៃស្ថានីយ៍ថ្មី ដូច្នេះយើងត្រូវធ្វើការសម្រួលផ្លូវទឹកនេះឱ្យបានល្អបំផុត»។
លោកក៏បានបន្ថែមថា សាលារាជធានីភ្នំពេញ នឹងដាក់ការងារ៣បន្ថែមទៀត ដើម្បីធ្វើឲ្យការស្ថាបនាជញ្ជាំងបេតុងបឹងត្របែក មានប្រសិទ្ធភាពខ្ពស់ក្នុងនោះរួមមាន៖
១-បន្ថែមក្រុមហ៊ុនមួយទៀត ដើម្បីពន្លឿនការស្ថាបនាជញ្ជាំងបេតុងពីផ្លូវ៤៨៤ រហូតដល់ស្ថានីយបូមតែម្តង។
២-អាជ្ញាធរខណ្ឌត្រូវយកប្លង់ ជាក់ស្តែងដែលបងប្អូនប្រជាពលរដ្ឋរំលោភបំពាន ទៅធ្វើការផ្សព្វផ្សាយ ដើម្បីមានការចូលរួមសហការឱ្យបានល្អ។
៣-ចុះស្រង់ស្ថិតិបន្ថែម ដើម្បីពង្រីកផ្លូវអមសងខាងប្រឡាយបឹងត្របែកនេះឱ្យបានលឿន៕