(កំពង់ចាម)៖ រដ្ឋបាលសាលាខេត្តកំពង់ចាមបានឲ្យដឹងថា ថ្ងៃដំបូង នៃថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៧ សម្រាប់ខេត្តកំពង់ចាម នៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៣ ខាងមុខនេះ សម្រាប់ក្រុងកំពង់ចាម មានសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាងមួយម៉ឺននាក់ ជួបជុំគ្នានៅសួនច្បារមុខសាលាខេត្តកំពង់ចាម ដើម្បីចូលរួមដង្ហែក្បួន ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ។

ក្នុងឱកាសអញ្ជើញ ប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣ លោក យឹម ឆៃលី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំ គណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ចាម សូមថ្លែងអំណរគុណ និងសំដែងការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះសមាជិក សមាជិកា បងប្អូនជនរួមជាតិ ក្នុងខេត្តកំពង់ចាមទាំងអស់ ដែលជានិច្ចជាកាលតែងតែគាំទ្រ និងមានជំនឿជឿជាក់ផ្ដល់យុត្តិធម៌ ក្នុងដំណាក់កាលនៃការបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគាំទ្រដល់ការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចអគ្គមហាសេនាបតីហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសន្តិភាព ដើម្បីប្រជាធិបតេយ្យ ដើម្បីការអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា។

លោក យឹម ឆៃលី បានបន្តថា ទឹកចិត្ត និងឆន្ទៈដ៏ឧត្តុងឧត្តម ជាប្រភពដ៏ធំធេងមិនចេះរីងស្ងួត ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដឹកនាំ និងការបម្រើប្រជាជាតិ ប្រកបដោយជ័យជំនះដ៏ធំធេង រយៈពេលជាង ៤០ ឆ្នាំកន្លងមក ។

ថ្ងៃនេះជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ ឆ្នាំ២០២៣ ដូច្នេះសូមឲ្យសមាជិក សមាជិកា បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ចាម មានជំហរច្បាស់លាស់ សម្រេចចិត្តឲ្យបានត្រឹមត្រូវក្នុងការបោះឆ្នោត ដើម្បីកំណត់នូវជោគវាសនារបស់ប្រទេសជាតិ ក៏ដូចជាកំណត់នូវជោគវាសនារបស់ខ្លួនឯងផងដែរ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕