(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ជា សុផារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារណបក្សប្រជាជនចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានសមាជិក សមាជិកា ចូលរួមប្រមាណជាង២៥០០០នាក់ ជួបជុំនៅស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ។
នាឱកាសនោះ មានការចូលរួមពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ លោក ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធាន-អនុប្រធាន សមាជិកសមាជិកា ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់នៅទូទាំងខេត្តត្បូងឃ្មុំ។
តាមការគ្រោងទុកថ្ងៃដំបូង នៃការបើកយុទ្ធនាការហែក្បួន និងឃោសនាបោះឆ្នោត នឹងធ្វើឡើងទូទាំងខេត្តត្បូងឃ្មុំ ដោយសមាជិកសមាជិការគណបក្សប្រជាជនទាំងអស់ តាមមូលដ្ឋានរៀងៗខ្លួន។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។
គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕