(ភ្នំពេញ)៖ នាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភ ទឹកសុទ្ធ ទឹកផ្លែឈើ មី ត្រីខ ទឹកដោះគោ ស្ករស មុង ភួយ សារុង ក្រមា និងថវិកាមួយចំនួន ដល់គ្រួសារលោក ម៉ម វ៉ាន អាយុ៤៧ឆ្នាំ ជាបុគ្គលិកទូរទស្សន៍ CNC ដែលកំពុងជួបឧបសគ្គ ក្នុងជីវភាពយ៉ាងខ្លាំងស្ទើរនិយាយមិនចេញ ដោយសារភរិយាជាទី ស្រឡាញ់របស់លោកឈ្មោះ ប្រាក់ វណ្ណា អាយុ៤៨ឆ្នាំ មានជំងឺស្លាប់មួយចំហៀងខ្លួន អស់រយៈពេល៧ឆ្នាំមកហើយ។
បច្ចុប្បន្នអ្នកស្រី ប្រាក់ វណ្ណា មានជំងឺរលាកថ្លើមធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលជំងឺ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត អស់រយៈពេល១៥ថ្ងៃមកហើយ នៅមិនទាន់ធូរស្បើយនៅឡើយទេ។
ក្នុងឱកាសនោះ លោក ម៉ម វ៉ាន បានជម្រាបជូនថា «ជីវិតបែបនេះធ្វើឱ្យរូបលោកវិលវល់ស្ទើរ ធ្វើអ្វីមិនកើតទាំងអស់។ រីឯប្រាក់កាស ដែលខំសន្សំសំចៃសល់ ពីការហូបចុកបន្តិចបន្តួច ត្រូវចំណាយអស់រលីងពីខ្លួនទៅហើយ តែស្ថានភាពជំងឺរបស់ភរិយាលោកនៅមិនទាន់ ធូរស្បើយទេ »។
ពេលនេះ លោក ម៉ម វ៉ាន មានក្តីរំភើបឥតឧបមា ក្រោយទទួលបានការសណ្តោសប្រណី ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទ ក្រហមកម្ពុជា ដែលបានឧបត្ថម្ភគ្រឿងបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលការលំបាក យ៉ាងច្រើនក្នុងការ ទិញថ្នាំព្យាបាល និងចំណីអាហារសម្រាប់បូបចុកឱ្យបានគ្រប់គ្រាន់។
ជាមួយនឹងការដឹងគុណប្រកប ដោយទឹកចិត្តរំភើបឥតឧបមា លោក ម៉ម វ៉ាន មានតែលើកម្រាមដៃដប់ ថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អ អាយុយ៉ឺនយូរ បន្តដឹកនាំកាកបាទក្រហមកម្ពុជា ឱ្យបានយូរអង្វែងដើម្បីជួយសម្រាក ការលំបាក ដល់ជនរងគ្រោះដទៃៗទៀត ដែលត្រូវការឱ្យជួយជាចាំបាច់បំផុត៕