(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ជានាយករដ្ឋមន្ត្រី បានការពារយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ដែលបានធានាដល់ការរស់នៅដ៏សុខសាន្ដរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការពង្រឹងពង្រីកប្រជាធិបតេយ្យ។ នឹងមានជំនឿថាជនរួមជាតិបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យដឹកនាំប្រទេសជាតិសម្រាប់នីតិកាលទី៧ ជាបន្តទៀត។

ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្ដេចបានអញ្ជើញបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ និងរំឭកខួបលើកទី ៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យ៉ាងដូច្នេះថា៖ «នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានរូបខ្ញុំ ព្រះករុណាខ្ញុំ ជានាយករដ្ឋមន្ត្រី បានការពារយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ដែលបានធានាដល់ការរស់នៅដ៏សុខសាន្ដរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការពង្រឹងពង្រីកប្រជាធិបតេយ្យ»

ជាមួយគ្នានេះដែរ សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានគោរព ការពារ និងលើកស្ទួយ, វិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល ការងារ និងវិស័យផ្សេងៗទៀតកាន់តែមានភាពរីកចម្រើន, កម្រិតជីវភាពប្រជាជនក៏កាន់តែបានប្រសើរឡើងជាលំដាប់។

ការរក្សាបាននូវស្ថិរភាពនយោបាយពេញផ្ទៃប្រទេស ក្រោមដំបូលសន្តិភាព, សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សមិទ្ធផលថ្មីៗច្រើនអនេករួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្តូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ ត្រូវបានកសាងពង្រីកទាំងនៅទីក្រុង ទាំងនៅជនបទ និងតំបន់ព្រំដែន។ គ្មានមូលដ្ឋានណាដែលនៅឆ្ងាយដាច់ស្រយាលមិនអាចទៅដល់ និងគ្មានការអភិវឌ្ឍនោះឡើយ។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលត្រូវប្រឈមនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានដឹកនាំការប្រយុទ្ធទប់ស្កាត់ជំងឺដ៏កាចសាហាវនេះប្រកបដោយជោគជ័យ ការពារបានអាយុជីវិតប្រជាជន រក្សាបានលំនឹងជីវភាព និងលំនឹងសេដ្ឋកិច្ច និងធ្វើឱ្យសេដ្ឋកិច្ចជាតិអាចងើបឡើងវិញយ៉ាងឆាប់រហ័សក្រោយវិបត្តិជំងឺកូវីដ១៩ ហើយកំពុងត្រឡប់មកស្ថិតលើគន្លងនៃកំណើនជាសក្ដានុពលវិញ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងអនុវត្តដោយប្រសិទ្ធភាព នូវវិធានការគោល-នយោបាយជាច្រើនដើម្បីលើកស្ទួយផលិតកម្ម បង្កើនការងារ និងមុខរបររបស់ប្រជាជន ពង្រឹងពង្រីកសេវាសាធារណៈ ពង្រឹងយុត្តិធម៌ សមធម៌ និងសុខដុមនីយកម្មសង្គម ព្រមទាំងលើកកម្ពស់ការគាំពារសង្គមសម្រាប់ប្រជាជនគ្រប់រូប ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងស្មារតីមិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ឡើយ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងថា ទន្ទឹមនឹងភាពរឹងមាំនៃកត្តាផ្ទៃក្នុងជាតិ កិត្យានុភាពកម្ពុជាកាន់តែបានលើកកម្ពស់នៅលើផ្ទៃរាបអន្តរជាតិ ជាពិសេស តាមរយៈជោគជ័យនៃការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា, ការរៀបចំអង្គរសង្ក្រាន្ដ, ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២, ការអនុវត្តនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ និងស្មារតីមនុស្សធម៌ដ៏ធំធេង បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជាកាន់តែលេចត្រដែតឡើង។

បន្ថែមពីនេះ សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តថា ឆ្លងតាមសមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នេះ ជាសក្ខីភាពដែលបង្ហាញច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយក្ដីសង្ឃឹមជឿជាក់ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។ ព្រមជាមួយនោះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់, គ្រប់ជនជាតិ និងគ្រប់ជំនឿសាសនា, មន្ត្រីរាជការ, កងកម្លាំងប្រដាប់ឤវុធ យុវជន-នារី កម្មករ កសិករ ព្រះសង្ឃ បព្វជិតនៃសាសនានានា បញ្ញវន្ដ វិនិយោគិន និងមជ្ឈដ្ឋានចម្រើនជឿនលឿនទាំងឡាយក្នុងសង្គម ដើម្បីឧត្តមប្រយោជន៍នៃប្រទេសជាតិ ប្រកបដោយមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម។

សន្តិភាព និងរាល់សមិទ្ធផលនៃសង្គមជាតិដ៏ថ្លៃថ្លាបំផុតដែលយើងសម្រេចបានមកដល់ពេលនេះដោយចាប់ផ្ដើមពីចំណុចសូន្យ គឺបានមកពីការយកអាយុជីវិតធ្វើជាដើមទុន ពីពលិកម្មដ៏ធំធេង និងការប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តរបស់ថ្នាក់ដឹកនាំគណបក្ស អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ យុទ្ធជន យុទ្ធនារី មន្រ្តី សមាជិក សមាជិកាគណបក្ស និងជនរួមជាតិយើងទាំងមូលក្នុងស្មារតីភាពជាម្ចាស់ដើម្បីជាតិ មាតុភូមិ និងជីវិតរស់នៅរបស់ខ្លួន ព្រមទាំងការជួយឧបត្ថម្ភគាំទ្រដ៏ស្មោះសរពីបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា៖ «យើងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ ហើយប្តេជ្ញាថែរក្សារាល់សមិទ្ធផលរបស់ជាតិឱ្យគង់វង្សជារៀងដរាប ដោយមិនអនុញ្ញាតឱ្យអនុភាពប្រតិកិរិយាណាមកបំផ្លាញបានឡើយ។ យើងប្តេជ្ញាបន្តកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនឡើងក្លាយជាប្រទេសជឿនលឿនមួយក្នុងតំបន់ ជាសង្គមប្រកបដោយអរិយធម៌ និងសេចក្តីស្រឡាញ់ ដោយគ្មានការកើតឡើងជាថ្មីនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនទៀត»។ នេះជាការអះអាងរបស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងន័យនេះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រមួយដែលមានសារៈសំខាន់ជាទីបំផុតចំពោះជាតិយើង។ ការសម្រេចចិត្តខាងនយោបាយរបស់ប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតនេះ ដើម្បីជ្រើសរើសយកគណបក្សណាមួយឱ្យបន្តដឹកនាំប្រទេស គឺមានលក្ខណៈកំណត់ចំពោះជោគវាសនាអនាគតរបស់ជាតិ និងប្រជាជនយើងផ្ទាល់។

ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញជំនឿថា៖ «ខ្ញុំព្រះករុណា ខ្ញុំ មានជំនឿថា បងប្អូនជនរួមជាតិដែលបានមើលឃើញជាក់ស្តែងរួចហើយនូវការរីកចម្រើនរបស់ប្រទេសកម្ពុជានៅក្នុងសុខសន្តិភាព ឯករាជ្យ ឯកភាព អធិបតេយ្យ និងបូរណភាពទឹកដីពេញលេញបច្ចុប្បន្ននេះ នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងខ្ញុំព្រះករុណា ខ្ញុំ ឱ្យដឹកនាំប្រទេសជាតិសម្រាប់នីតិកាលទី៧ ជាបន្តទៀត»