(ក្រចេះ)៖ លោក ព្រុំ សុខា ប្រធានក្រុមការងារមូលដ្ឋានចុះជួយខេត្តក្រចេះ និងលោក វ៉ា ថន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ នៅព្រឹកថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចំនួន២៩១០០នាក់ បើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត ដើម្បីបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ដែលជាថ្ងៃឃោសនាស្វែងរកសំឡេងឆ្នោតនាថ្ងៃដំបូង។

ថ្នាក់ដឹកនាំសមាជិកសមាជិកាទាំងអស់ បានជួបជុំគ្នាដើម្បីស្តាប់សារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មុនពេលបើកយុទ្ធនាការដង្ហែក្បួន ខណៈនៅតាមបណ្តាស្រុកផ្សេងទៀត ក៏បានរៀបចំពិធីនេះផងដែរ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

លោក វ៉ា ថន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ បានថ្លែងថា ថ្ងៃនេះសមាជិកកណបក្យប្រជាជនកម្ពុជាទាំង៧ក្រុងស្រុក ទូទាំងខេត្តក្រចេះចំនួន២៩១០០នាក់ បានចេញដំដើររួមគ្នាក្នុងយុទ្ធនាការ ឃោសនារកសម្លេងឆ្នោត។ ក្នុងនោះ មានក្រុងក្រចេះ ស្រុកចិត្របុរី ស្រុកឆ្លូង ស្រុកស្នួល ស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងស្រុកអូរគ្រៀងសែនជ័យ។

សូមបញ្ជាក់ថា ក្នុងការហែក្បូនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ បានប្រព្រិត្តទៅតាមរដ្ឋបាលស្រុករបស់ខ្លួនយ៉ាងអធិកអធមតាមរថយន្ដតូច ធំ ម៉ូតូជាច្រើនគ្រឿង ដោយមានការលាយឡំសម្លេង ឃោសនសព្វ និងសម្រែកឃោសនា ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕