(តាកែវ)៖ នៅថ្ងៃដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ខេត្តតាកែវ គណបក្សប្រជាជនកម្ពុជា បានជ្រើសរើសយកទីតាំងស្រុកគីរីវង់ធ្វើជាទីកន្លែង សម្រាប់បើកយុទ្ធនាការឃោសនាដំបូងដោយមានអ្នកចូលរួមជាង៣ពាន់ នាក់ ស្ថិតក្រោមអធិបតីភាពរបស់លោក ប៊ិន ឈិន ប្រធានក្រុមការងារគណបក្ស និងបេក្ខភាពលំដាប់លេខរៀងទី១ មណ្ឌលតាកែវរបស់គណបក្សប្រជាជនកម្ពុជា។

បន្ទាប់ពីស្ដាប់ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមប្រព័ន្ធអនឡាញពីរាជធានីភ្នំពេញ, លោក ប៊ិន ឈិន បានថ្លែងទីកាន់សមាជិកបក្សពីការដឹកនាំរបស់គណបក្ស ពីមួយអាណត្តិទៅមួយ អាណត្តិ មានការគាំទ្រច្រើនឡើងពីបងប្អូនប្រជាពលរដ្ឋ ដោយសារតែគណបក្សប្រជាជនតែងតែគិតគួពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបានកសាងអភិវឌ្ឍន៍ប្រទេសកាន់តែរីកចម្រើនទ្វេឡើង។

លោក ប៊ិន ឈិន បានអំពាវនាវសមាជិកបក្ស និងបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឲ្យបានគ្រប់ៗគ្នា។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕