(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានប្រកាស និងសុំការគាំទ្រពីជនរួមជាតិនូវ «កម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨» ដើម្បីធានាការការពារសន្តិភាព និងនិរន្តរជាតិលើមាគ៌ានៃការអភិវឌ្ឍ និងការលើកស្ទួយជីវភាពប្រជាជនឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងរំឭកខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន លើមូលដ្ឋានកម្មវិធីនយោបាយនេះ គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវគោលជំហរជាយុទ្ធសាស្ត្រដូចខាងក្រោម៖
១៖ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ តាមប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស បែបសភានិយមឱ្យស្ថិតស្ថេរជានិរន្តរ៍ ព្រមទាំងពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ឱ្យចាក់គ្រឹះរឹងមាំក្នុងសង្គមជាតិ ដោយដើរទន្ទឹមនឹងការពង្រឹងនីតិរដ្ឋ រួមជាមួយនឹងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស។
២៖ ពង្រឹងឯកភាពជាតិ និងប្ដេជ្ញាទប់ស្កាត់ និងកម្ចាត់គ្រប់ទម្រង់នៃនយោបាយ និងសកម្មភាពជ្រុលនិយម បង្កឡើងដោយបុគ្គល ឬក្រុមបុគ្គល ឬអង្គការចាត់តាំងនយោបាយណាមួយ ឬមជ្ឈដ្ឋានអមិត្តណាមួយដែលព្យាយាមញុះញង់បង្កការបែកបាក់ជាតិ បង្កើតភាពវឹកវរសង្គម បំផ្លាញសុខសន្តិភាព បង្កអស្ថិរភាពនយោបាយនៅកម្ពុជាតាមបែបឧទ្ទាម ដែលផ្ទុយទាំងស្រុងពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងរំលោភបំពានលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
៣៖ បន្តជ្រោងទង់មហាសាមគ្គីជាតិនៅក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សំដៅបង្រួបបង្រួមប្រមូលកម្លាំងប្រជាជាតិខ្មែរទាំងមូលដោយឥតប្រកាន់ពូជសាសន៍, ពណ៌សម្បុរ, វ័យ, ភេទ, ភាសា, ជំនឿសាសនា, និន្នាការនយោបាយ, អតីតកាល, ដើមកំណើតជាតិ, ឋានៈសង្គម, ធនធាន ឬស្ថានភាពឯទៀត ដើម្បីថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងរាល់សមិទ្ធផលសង្គមជាតិ ព្រមទាំងរួមសាមគ្គីគ្នាបន្តកសាង និងការពារមាតុភូមិឆ្ពោះទៅរកអនាគតដ៏រុងរឿង។
៤៖ បន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ ការពារអធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅគ្រប់រូបភាព កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រ-កម្ពុជាជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះ បុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ សហប្រតិបត្តិការ និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕