(ពោធិ៍សាត់)៖ ក្នុងយុទ្ធការថ្ងៃដំបូងនៃការឃោសនា! លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សង្កាត់ទាំង៧ ក្នុងក្រុងពោធិ៍សាត់ ប្រមាណជាង៥ពាន់នាក់ ដើម្បីបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រីនីតិកាលទី៧។

ក្នុងយុទ្ធនាការឃោសនា រកសម្លេងឆ្នោតនាព្រឹកនេះ លោក ខូយ រីដា បានថ្លែងប្រាប់ប្រជាជនថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានាបានការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅ មានហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់គ្រប់គ្រាន់ ប្រជាពលរដ្ឋ​ទទួលបានសេវាសាធារណៈឆាប់រហ័ស និងមានគុណភាព ទទួលបានសាលារៀន មន្ទីរពេទ្យ និងសេវាព្យាបាលមានគុណភាព ធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន។

ជាមួយគ្នានោះ លោក ខូយ រីដា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញាសម្គាល់ ឲ្យបានគ្រប់ៗ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕