(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រកាសសន្យាដឹកនាំអនុវត្តឱ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាការការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជន ប្រសិនបើគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងរំឭកខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជា បានអនុម័តការគាំទ្រខ្ញុំព្រះករុណា ខ្ញុំ ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ អនុវត្តសេចក្ដីសម្រេចនេះ ខ្ញុំព្រះករុណា ខ្ញុំសូមសន្យាជាឱឡារិកថា បើគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ខ្ញុំព្រះករុណា ខ្ញុំ នឹងឈរយ៉ាងរឹងមាំលើគោលជំហរជាយុទ្ធសាស្ត្រខាងលើនេះ និងដឹកនាំអនុវត្តឱ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា»

ជាមួយគ្នានេះដើម្បីធានាការការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជនសម្តេចតេជោ ហ៊ុន សែន នឹងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវគោលនយោបាយជាអាទិភាពដូចខាងក្រោម ៖

១៖ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ងាយស្រួល និងជឿទុកចិត្ត, បន្តអនុវត្តការមិនយកកម្រៃសេវាលើការចុះបញ្ជីកំណើត, បញ្ជីអាពាហ៍ពិពាហ៍, បញ្ជីមរណភាព, ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។

២៖ បន្តមិនយកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ ជួយកសិករក្នុងការពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិផលដោយថ្លៃសមរម្យ, បែងចែកដី និងផ្ដល់កម្មសិទ្ធិដីជូនគ្រួសារក្រីក្រគ្មានដីដែលបានអនុវត្តតាមលក្ខខណ្ឌសម្បទានដីសង្គមកិច្ច, ទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីគ្រប់ប្រភេទរបស់រដ្ឋដោយខុសច្បាប់ និងបន្តធ្វើប្រទានកម្មដីជូនប្រជាជនរស់នៅ និងអាស្រ័យផលលើទីតាំងដីរដ្ឋតាមគោលការណ៍ដែលរដ្ឋបានកំណត់។

៣៖ បន្តអនុវត្តគោលការណ៍លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារនានានៅទូទាំងប្រទេស, អាជីវករលក់ដូរតាមផ្សាររដ្ឋ និងទីតាំងផ្សាររដ្ឋមានសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើតូប រាន ស្តង់លក់ដូរ និងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះឱ្យកូនចៅ ឬអ្នកដទៃបាន, បន្តកាត់បន្ថយចំណាយសម្រាប់ការរស់នៅ របស់ប្រជាពលរដ្ឋតាមរយៈយន្តការនៃការរក្សាស្ថិរភាពថ្លៃម្ហូបអាហារ និងកាត់បន្ថយថ្លៃទឹក និងថ្លៃអគ្គិសនីសម្រាប់ប្រជាជនទូទៅ។

៤៖ លើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព, បន្តអភិវឌ្ឍគ្រប់ឃុំ សង្កាត់ ឱ្យមានផ្លូវគមនាគមន៍កាន់តែល្អ តាមរយៈការជួសជុលថែទាំផ្លូវជាប្រចាំ ការស្ថាបនាផ្លូវថ្មីៗថែមទៀត និងការលើកកម្ពស់ផ្លូវ ពីផ្លូវដីទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង, មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់, មានប្រព័ន្ធធារាសាស្ត្រកាន់តែប្រសើរឡើង និងមានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព។

៥៖ បន្តដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, បន្តកែសម្រួល និងដំឡើងប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន, បន្តដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ព្រមទាំងរក្សាអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករ និយោជិត, បន្តអនុវត្តគោលការណ៍មិនយកពន្ធលើប្រាក់បៀវត្សអប្បបរមា របស់មន្ត្រីរាជការគ្រប់ប្រភេទ និងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត, លើកកម្ពស់ការការពារសិទ្ធិ និងផលប្រយោជន៍កម្មករទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ, បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងគ្រាមានគ្រោះអាសន្ន និងគ្រាមានវិបត្តិផ្សេងៗ និងបន្តអនុវត្តកម្មវិធីឧបត្ថម្ភស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនៃគ្រួសារក្រីក្រ និងកម្មវិធីឧបត្ថម្ភមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ព្រមទាំងកម្មការិនីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ។

៦៖ លើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ជូនប្រជាជន។ ពង្រីកសាលាបឋមសិក្សាដល់គ្រប់ភូមិ ពង្រីកអនុវិទ្យាល័យដល់គ្រប់ឃុំ និងបង្កើនវិទ្យាល័យនៅតាមស្រុក, យុវជនទទួលបានឱកាសក្នុងការរៀនសូត្រ បណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការងារធ្វើ។

៧៖ ព្រមជាមួយនោះ សម្តេចនឹងដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា រួមមាន៖

* កម្មវិធីទី១៖ ការផ្ដល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល ដោយចាប់ផ្ដើមពី៖ (១) ការផ្ដល់សេវាថែទាំសុខភាព ជូនគ្រួសារងាយរងហានិភ័យប្រមាណជាង ៤៥ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១,៥លាននាក់ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល និង (២) ការពង្រីករបបថែទាំសុខភាពរបស់ ប.ស.ស. ទាំងសម្រាប់កម្មករ-និយោជិត និងសម្រាប់មន្ត្រីសាធារណៈ ដែលគ្របដណ្ដប់បន្ថែម ដល់សមាជិកគ្រួសារ និងអ្នកក្នុងបន្ទុករបស់ពួកគាត់ ប្រមាណជាង ៣លាននាក់ តាមគោលការណ៍ស្ម័គ្រចិត្ត។ ជាសរុប គម្រោងទាំងពីរនេះ នឹងធ្វើឱ្យប្រជាជនប្រមាណ ៧,៤លាននាក់ មានលទ្ធភាពទទួលបាននូវ របបសន្តិសុខសង្គមផ្នែកសេវាថែទាំសុខភាព។

* កម្មវិធីទី២៖ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសដែលមានចំនួនប្រមាណជាង ១,៥លាននាក់ នៅតាមបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈនានារបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។

* កម្មវិធីទី៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ដើម្បីជួយទ្រទ្រង់ និងផ្ដល់ការគាំពារទាន់ពេល និងក្នុងលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ទៅតាមស្ថានភាពជាក់ស្ដែងនៃវិបត្តិ ឬគ្រោះអាសន្ន នៅតាមគ្រប់ទីតាំងភូមិសាស្ត្រទូទាំងប្រទេស ដែលនឹងគ្របដណ្ដប់លើប្រជាជនសរុបប្រមាណ ៤,៣លាននាក់។

* កម្មវិធីទី៤៖ ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ ពីប្រព័ន្ធគាំពារសង្គមផ្លូវការ តាមរយៈ ៖ (១) ការផ្ដល់នូវការគាំពារ និងការបង្កើតនូវបរិយាកាសអំណោយផល សម្រាប់ការធ្វើធុរកិច្ច និងពាណិជ្ជកម្ម ព្រមជាមួយនឹងការផ្ដល់នូវការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ក្រុមហ៊ុន-សហគ្រាសធុនមីក្រូ តូច និងមធ្យម, និង (២) ការផ្ដល់ការគាំពារសង្គម ដល់បុគ្គលស្វ័យនិយោជន៍នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្ដោតការយកចិត្តទុកដាក់ជាបឋម លើការផ្ដល់សេវាថែទាំសុខភាព នៅក្រោមមូលនិធិសមធម៌សុខាភិបាល។

* កម្មវិធីទី៥៖ ការដាក់ចេញនូវយន្ដការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ តាមរយៈការដាក់ចេញនូវកញ្ចប់ថវិកាជាក់លាក់ដោយចាប់ផ្ដើមពីចំនួន ១០០លានដុល្លារមេរិក និងអាចវិភាជថវិកាបន្ថែមប្រសិនបើមានតម្រូវការចាំបាច់ ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេល ក្នុងការទិញកសិផលពីប្រជាកសិករ ជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផល ជាពិសេសលើផលិតផលកសិកម្មមួយចំនួន ជាអាទិ៍ ស្រូវ ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចាន់ទី ដំឡូង ពោត និងផលិតផលផ្សេងទៀត តាមការចាំបាច់។

* កម្មវិធីទី៦៖ ការរៀបចំចាត់បញ្ជូនមន្ត្រីបច្ចេកទេសផ្ដល់សេវាកសិកម្មឱ្យបានគ្រប់ឃុំទាំងអស់នៅទីជនបទទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក៏នឹងមានការរៀបចំសមាគមកសិករនៅទីជនបទ ដើម្បីរក្សានូវកម្លាំងរបស់កសិករក្នុងការផលិត ក៏ដូចជាការតថ្លៃលក់កសិផលជាមួយអ្នកទទួលទិញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឆ្នាំ២០២៣-២០២៨ ជាការបន្តនៃកម្មវិធីនយោបាយឆ្នាំ ២០១៨-២០២៣ និងឆ្លើយតបទៅនឹងការវិវត្តន៍នៃសភាពការណ៍ជាក់ស្ដែងទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស។ កម្មវិធីនយោបាយនេះ ត្រូវបានកសាងឡើងដោយផ្តើមចេញពីឆន្ទៈ និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន និងប្រកបដោយភាពប្រាកដនិយមដែលគណបក្សមានសមត្ថភាព និងលទ្ធភាពពិត ក្នុងការអនុវត្តឱ្យបានសម្រេច៕