(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រធានក្រុមការងារថ្នាក់កណ្តាលចជួយខេត្តកំពង់ស្ពឺ នៃគណបក្សប្រជាជនកម្ពុជា លោក ឆាយ ថន, លោក ហ៊ុន ម៉ានី បេក្ខជនតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងលោក វ៉ី សំណាង ប្រធានគណបក្សប្រជាជនខេត្ត បានប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានសមាជិក សមាជិកា ចូលរួមជាង៥០០០នាក់ ជួបជុំនៅវិមានឯករាជ សួនច្បារសម្តេចសង្ឃ ជួន ណាត ក្រុងច្បារមន។

តាមការគ្រោងទុកថ្ងៃដំបូង នៃការបើកយុទ្ធនាការហែក្បួន និងឃោសនាបោះឆ្នោតនៅខេត្តកំពង់ស្ពឺ នឹងធ្វើឡើងទូទាំងខេត្តដោយមានសមាជិកសមាជិកាគណបក្សរាប់ពាន់នាក់។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕