(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៦នេះ បានសហការជាមួយក្រសួងកសិកម្មរៀបចំ សិក្ខាសាលាស្តីពីការ ជំរុញអភិវឌ្ឍវិស័យកសិកម្ម ក្រោមវត្តមានលោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទី ក្រសួងសេដ្ឋកិច្ច និងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ព្រមទាំងមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍សំខាន់ៗមួយចំនួន ដូចជាៈ WB ADB IFAD AFD FAO Oxfam IRRI EU USAIDAusAid JICA និងអង្គការសង្គមស៊ីវិល វិស័យឯកជនរួមទាំងស្ថាប័នសិក្សា ស្រាវជ្រាវផងដែរ។
លោក វង្សី វិស្សុត ថ្លែងថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីធ្វើការសម្រួចអាទិភាព និងសម្រាំងសកម្មភ ព/កម្មវិធី ដែលជាកម្មវត្ថុនៃធ្វើហិរញ្ញប្បទាន នៅក្នុងក្របខ័ណ្ឌថវិកាឆ្នាំ២០១៧ ពិសេសដើម្បីធ្វើការពិនិត្យអំពីតម្រូវការ ចំណាយសំខាន់ៗនៅក្នុង វិស័យកសិកម្ម ហើយថវិកាជាតិអាចទ្រទ្រង់បាន ក្នុងកម្រិតណាដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍ នៃវិស័យនេះក៏ដូចជាដើម្បីសម្រេច បាននូវគោលដៅដែលបានដាក់ចេញ។ លោកបានគូសបញ្ជាក់ថា តាមរយៈការអនុវត្តនូវអភិក្រមដូចឆ្នាំកន្លងទៅ ថវិការបស់ក្រសួង កសិកម្ម ត្រូវបានតម្លើងប្រមាណ២៥%នៅក្នុងឆ្នាំ២០១៦នេះ ដោយផ្តោតលើសេវាផ្សព្វផ្សាយកសិកម្ម និងគម្រោង សកម្មភាពអាទិភាព មួយចំនួនដូចជា ការស្រាវជ្រាវផលិតពូជស្រូវ និងផលិតកម្មស្បៀង។ ក្រសួងពាក់ព័ន្ធផ្សេងទៀត ដូចជាក្រសួងធនធានទឹកនិងក្រសួង អភិវឌ្ឍន៍ជនបទ ក៏ទទួលបាននូវការបង្កើនថវិកាច្រើនផងដែរ ក្នុងគោលដៅគាំទ្រដល់ការអភិវឌ្ឍន៍និងវិស័យកសិកម្មនេះ។
លោករដ្ឋមន្រ្តីស្តីទី បានបន្តលើកឡើងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្ម គឺជាវិស័យដ៏សំខាន់ ដូចមានកំណត់ទាំងនៅក្នុង យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ និងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ និងទាំងនៅក្នុងឯកសារ គោលនយោបាយ ស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ក៏ដូចជា នៅក្នុងផែនការយុទ្ធសាស្រ្តតាមវិស័យរបស់ក្រសួង កសិកម្ម។ វិស័យកសិកម្មនឹងនៅតែបន្តដើរតួនាទីសំខាន់ នៅក្នុងសេដ្ឋកិច្ចកម្ពុជា ដោយសារម្ខាងវិស័យនេះ គឺជាកម្លាំងចលករអូស កំណើនសេដ្ឋកិច្ច និងម្ខាងទៀត វិស័យនេះ ក៏ដើរតួនាទីនៅក្នុងការកាត់បន្ថយភាពក្រីក្រ និងការលើកតម្កើងជីវភាព រស់នៅរបស់ ប្រជាជនទូទៅផងដែរ។ ជាក់ស្តែង ការរីកចម្រើន នៃវិស័យកសិកម្មបានជួយធ្វើឱ្យកម្ពុជា សម្រេចបាននូវការកាត់បន្ថយ ភាពក្រីក្រយ៉ាងលឿន ក្នុងនោះ វិស័យស្រូវអង្ករបានចូលរួមចំណែកប្រមាណ៦០%។
ជាងនេះទៅទៀត កំណើននៃវិស័យកសិកម្មប្រមាណ៥%ក្នុងមួយឆ្នាំ បានជួយឱ្យយើងសម្រេចបាននូវ កំណើនសេដ្ឋកិច្ចជាមធ្យម ប្រមាណ ៧,៧% ក្នុងមួយឆ្នាំ នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ក៏ប៉ុន្តែនៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ នេះកំណើននៃវិស័យ កសិកម្មមានភាពថមថយ ដែលចាំបាច់ទាមទារឱ្យមានការគិតគូរ និងកែតម្រូវយុទ្ធសាស្រ្ត អភិវឌ្ឍន៍ វិស័យនេះឡើងវិញទាំងនៅក្នុង រយៈពេលមធ្យម និងទាំងនៅក្នុងរយៈវែង ដើម្បីធានាឱ្យវិស័យ កសិកម្មនេះ នៅតែបន្តអាចដើរតួនាទីសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជាទាំងមូល។ ដូច្នេះយើងចាំបាច់ ត្រូវសម្រួចអាទិភាពក្នុងវិស័យនេះឡើងវិញ និងសែ្វងរកសកម្មភាពគន្លឹះៗហើយឈានទៅ កំណត់ ជាមុខសញ្ញាចំណាយ ដើម្បីជួយធ្វើឱ្យកំណើននៃវិស័យកសិកម្មមានការងើបឡើងវិញ តាមរយៈការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្ម។
លោករដ្ឋមន្រ្តីស្តីទី បានគូសបញ្ជាក់បន្ថែមថា ប្រភពថវិកាជាតិតែមួយមុខ គឺពិតជាមិនអាចទ្រទ្រង់ រួចនូវតម្រូវការចំណាយដ៏ធំនៅក្នុង វិស័យកសិកម្មនេះបានទេ។ ដូច្នេះចាំបាច់ត្រូវមានការសម្របសម្រួល ពីដៃគូពាក់ព័ន្ធដែល ធ្វើការ នៅក្នុងវិស័យកសិកម្មទាំងអស់ ទាំងនៅក្នុងដំណាក់កាលនៃការរៀចំផែនការ និងទាំងនៅក្នុងពេលអនុវត្ត ដើម្បីបង្កើនភាពប្រទាក់ក្រឡាងគ្នា និងការបំពេញឱ្យគ្នា ទៅវិញទៅមក សំដៅសម្រេចឱ្យបាននូវប្រសិទ្ធភាព ខ្ពស់ជាងមុន ៕