(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ បានប្រគល់ប័ណ្ណសរសើរ របស់រាជរដ្ឋាភិបាលកម្ពុជាជូនថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល វិទ្យាស្ថានជាតិសុខភាពសាធារណៈ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មន្ទីរពេទ្យហ្លួងម៉ែដែលបច្ចុប្បន្ន ក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។

ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបង្ហាញនូវភាពរំភើបសប្បាយរីករាយយ៉ាងខ្លាំង ដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រគល់ប័ណ្ណសរសើរជូនដល់មន្ដ្រីបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩ កន្លងមកនេះ។

លោករដ្ឋមន្ដ្រីបន្ដថា «នេះជាសក្ខីភាពមួយក្នុងការផ្ដល់នូវសេចក្ដីទុកចិត្ដ របស់សម្ដេចតេជោ ដល់ក្រសួង ក៏ដូចជាមន្ដ្រីបុគ្គលិកសុខាភិបាល ដែលបានប្រតិបត្ដិនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ ហើយក៏ជាការងារមួយដែលយើងរៀនសូត្រផង និងដកបទពិសោធន៍ផង។ ការយកចិត្ដទុកដាក់ របស់ សម្ដេចតេជោ នាយករដ្ឋមន្រី្ដ គឺបានជំរុញលើកទឹកចិត្ដដល់បុគ្គលិកសុខាភិបាល ឱ្យខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីបម្រើសុខភាពប្រជាពលរដ្ឋយើង ឱ្យកាន់តែប្រសើរឡើង ហើយគួរជាទីគាប់ចិត្ដរបស់ប្រជាពលរដ្ឋយើង» ។

«ក្នុងនាមក្រសួងសុខាភិបាល យើងនឹងពង្រឹង និងពង្រីកសមត្ថភាពបន្ថែមទៀត ដើម្បីត្រៀមលក្ខណៈជាយថាហេតុណាមួយកើតឡើង។ បច្ចុប្បន្ននេះ យើងក៏កំពុងតែបណ្ដុះបណ្ដាលមន្ដ្រីរបស់យើងជាបន្ដទៀត និងពង្រីកនូវសេវាសុខាភិបាល ហេដ្ឋានរចនា រួមទាំងឧបករណ៍សម្ភារៈបរិក្ខារពេទ្យទំនើបៗ»។ នេះតាមការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ដ្រី។

​ទន្ទឹមនឹងនោះលោករដ្ឋមន្ដ្រី ក៏បានលើកទឹកចិត្ដឱ្យមន្ដ្រីសុខាភិបាលទាំងអស់ សាមគ្គីគ្នា គោរពនូវក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ដើម្បីឱ្យប្រជាពលរដ្ឋយើង​កាន់តែស្រលាញ់រាប់អាន កាន់តែចូលចិត្ដ ព្រោះពេទ្យសុទ្ធតែកូនចៅរបស់ប្រជាជន ដូច្នេះត្រូវតែស្ម័គ្រស្មោះក្នុងចិត្ដ ហើយប្រាកដប្រជាក្នុងចិត្ដថា ពេលដែលយើងមានជំនាញពេទ្យនេះហើយ គឺត្រូវយកមកជួយសង្គ្រោះប្រជាជនយើង។

លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានរំលឹកពីការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលកន្លងមកថា ប្រទេសកម្ពុជា ត្រូវបានពិភពលោកប្រសិទ្ធិនាមថា «កម្ពុជាជាប្រទេសតូច មានបេះដូងធំទូលាយ» ដោយបានគ្រប់គ្រង ឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ដោយជោគជ័យ គឺពិតជាមានមោទនភាព ចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់សង្គមជាតិទាំងមូល រួមទាំងជនបរទេសទាំងអស់ដែលស្នាក់នៅក្នុងប្រទេសកម្ពុជា។

សមិទ្ធផលគួរឱ្យកត់សម្គាល់នេះ កើតឡើងក្រោមការដឹកនាំផ្ទាល់ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងសរុបរបស់ជាតិ និងមានការចូលរួមរបស់សង្គមជាតិទាំងមូល ដែលអាចឱ្យកម្ពុជាបើកដំណើរការឡើងវិញ ទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គម តាំងពីខែវិច្ឆិកា ឆ្នាំ២០២១។ មេរៀនបទពិសោធន៍ទាំងអស់នេះ អាចឱ្យយើងយកឈ្នះលើសមរភូមិកូវីដ-១៩ តែរាជរដ្ឋាភិបាលនៅតែបន្ដតាមដាន ដោយយកចិត្ដទុកដាក់ ព្រោះសង្គ្រាមកូវីដ-១៩ មិនទាន់ចប់នៅឡើយ។

លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានសម្ដែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ដ្រីសុខាភិបាលទាំងអស់ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមសហការ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងធានាបាននូវការផ្ដល់សេវាសុខភាពជាសារវ័ន្ដ ទោះបីជាទូទាំងប្រទេស បានរងនូវផលប៉ះពាល់ដោយវិបត្តិជំងឺកូរី-១៩ ក៏ដោយ។

សមិទ្ធផលដ៏ធំធេងទាំងនេះ កើតចេញពីការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរក្សាកំណើនសេដ្ឋកិច្ច ជីវភាពប្រជាជនរីកចម្រើន ការលើកកម្ពស់ កិត្យានុភាពកម្ពុជា នៅលើឆាកតំបន់ និងអន្តរជាតិ តាមរយៈនយោបាយការបរទេសឯករាជ្យ ដោយផ្នែក លើច្បាប់៕