(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយបុគ្គលិក និយោជិត ដែលកំពុងបម្រើការងារនៅតាមសណ្ឋាគារ និងភោជនីយដ្ឋានក្នុងក្រុងព្រះសីហនុ។

ក្នុងជំនួបនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ មានបុគ្គលិកមកពី សណ្ឋាគារសុខា សណ្ឋាគារឯករាជ្យ សណ្ឋាគារ និងកាស៊ីណូជីងប៉ី សណ្ឋាគារ និងកាស៊ីណូឃ្វីនកូ សណ្ឋាគារ និងកាស៊ីណូជីងប៉ី ភោជនីយដ្ឋានឆ្នេរមាស ភោជនីយដ្ឋាន Sea Side និងសណ្ឋាគារ និងការស៊ីណូណានហៃ សរុបចំនួន៧៨៣នាក់ ស្រី៣៥៥នាក់។

ក្នុងឱកាសនោះ លោក គួច ចំរើន បាននាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹងរលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងសកម្មភាពកម្ពុជា រៀបចំការបោះឆ្នោតនីតិកាលទី៧ ជិតមកដល់។ លោកថា ប្រទេសកម្ពុជា មានការអភិវឌ្ឍចាប់ពីទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង មានសុខសន្តិភាព និងអភិវឌ្ឍលើច្រើនវិស័យ សមិទ្ធផល និងកេរឈ្មោះរបស់កម្ពុជាបានល្បីសុះសាយលើពិពភលោក ដោយសារតែមានការញុះញង់ធ្វើរដ្ឋប្រហានៅឆ្នាំ១៩៧០ ធ្វើឲ្យកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលបង្កវិនាសសកម្មជាបន្តបន្ទាប់។

រហូតរំដោះឆ្នាំ១៩៧៩ សង្គ្រាមមិនទាន់បានបញ្ចប់នោះទេ សម្តេចតេជោ បានរៀបចំកិច្ចចរចាទីក្រុងប៉ារីសរកសន្តិភាព នាំយកលទ្ធិប្រជាធិបតេយ្យ គឺការបោះឆ្នោត យើងបានលះបង់អាយុជីវិតប្រជាពលររដ្ឋអស់រាប់លាននាក់។ កម្ពុជាបានធ្វើការបោះឆ្នោតបង្កើតរដ្ឋធម្មនុញ្ញ ៥ឆ្នាំបោះឆ្នោតម្តង យើងបានឆ្លងកាត់ការបោះឆ្នោត ៦ដងរួចមកហើយ និងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ កម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញននូវគោលនយោបាយរបបសន្តិសុខសង្គម ដូច្នេះក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលបានចុះបញ្ជីធ្វើបណ្ណ ប.ស.ស មានចំនួន ៧៦,០០០នាក់ ហើយនៅមានរោងចក្រ សហគ្រាសមួយចំនួនមិនទាន់បានចុះបញ្ជីធ្វើបណ្ណ ប.ស.ស ហើយបុគ្គលិក និយោជិតរបស់យើងអាចស្រូបលុយប្រមាណ ២០លានដុល្លាក្នុងមួយខែ ព្រោះបណ្ណការងារវាមានអត្ថប្រយោជន៍ ថែទាំសុខភាព និងគ្រោះថ្នាក់ការងារ។

ក្នុងនោះរាជរដ្ឋាភិបាល បានដាក់ចេញប្រាក់សោធននិវត្តន៍ជូនបុគ្គលិក និយោជិត កម្មករ ដែលកំពុងបំរើការងារនៅតាមរោងចក្រ សហគ្រាសហើយប្រាក់សោធននិវត្តនេះទៀតសោត គឺអាស្រ័យទៅតាមអតីតភាពការងារបើយើងធ្វើការបានច្រើនឆ្នាំ ការទទួលប្រាក់សោធននិវត្តក៏បានច្រើន នេះផ្សាភ្ជាប់ពីលទ្ធផលនៃការបោះឆ្នោតស្របតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។ សង្ឃឹមថា បងប្អូននឹងទៅចូលរួមបោះឆ្នោតគាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

ក្នុងឱកាសនោះ អភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនបុគ្គលិក និយោជិតដែលបានចូលរួមសរុបចំនួន ៧៨៣នាក់ ក្នុងម្នាក់ទទួលបាន៥ម៉ឺនរៀល៕