(ស្វាយរៀង)៖ ក្រោយទទួលបានព័ត៌មានពីការឆាបឆេះអាគាររោងចក្រមក្នុងតំបន់សេដ្ឋកិច្ចពិសេសហាយផាកលែន ស្ថិតនៅទីតាំងខាងលិចផ្សារជីភូ ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិតនៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ម៉ែន វិបុលអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងចុះអន្តរាគមន៍ផ្ទាល់នៅកន្លែងកេីតហេតុដេីម្បីដឹកនាំបញ្ជា ក្នុងការបាញ់ពន្លត់អគ្គីភ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ចំពោះករណីនេះមិនបណ្តាលឲ្យមានមនុស្សរងគ្រោះនោះទេ ហេីយគិតមកដល់ម៉ោង៨៖២០នាទីយប់នេះ កិច្ចអន្តរាគមន៍បាញ់ពន្លត់កំពុងបាញ់ពន្លត់អណ្តាតភ្លេីងដែលនៅសេសសល់ និងបន្តឲ្យរលត់ទាំងស្រុងនៅយប់នេះ។
សូមជម្រាបជូនថា ប្រតិបត្តិការនៃកិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គីភ័យខាងលើ គឺកិច្ចសហការល្អពីកងកម្លាំងនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ និងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាមផងដែរ។
ចំពោះទំហំ នៃការខូចខាតសម្ភារៈនៅក្នុងរោងចក្ររហូតមកដល់ពេលនេះ មិនទាន់បញ្ជាក់បាននៅឡើយទេពីអាជ្ញាធរក៏ដូចជាភាគីថៅកែរោងចក្រ៕