(រតនគិរី)៖ លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស បានដឹកនាំក្រុមការងារថ្នាក់ជាតិ ចុះទៅរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាការងារតាមមូលដ្ឋានជាមួយប្រជាពលរដ្ឋ និងមន្រ្តីរាជការ ក្នុងស្រុកអូរយ៉ាដាវ និងស្រុកបរកែវ ខេត្តរតនគិរី។
នៅក្នុងអង្គវេទិកានេះ ប្រជាពលរដ្ឋ បានលើកឡើងនូវបញ្ហាមួយចំនួន ដូចជាការប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើង នៅតាមភូមិ បញ្ហាទីផ្សារផលិតផលកសិកកម្មចុះថោក បញ្ហាជម្លោះដីធ្លី បញ្ហាខ្វះសាលារៀននៅតាមសហគមន៍ជនជាតិ បញ្ហាផ្លូវលំក្នុង ភូមិ អណ្តូងទឹក និងបង្គន់អនាម័យ បញ្ហាប្រព័ន្ធតុលាការ មិនដោះស្រាយរឿងគ្រោះថ្នាក់ចរាចរណ៍ ជូនដល់ជនរងគ្រោះ និងបញ្ហាថវិកា ជាតិមិនគ្រប់គ្រាន់សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន។
ជាការឆ្លើយតបវិញ លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានលើកបង្ហាញពីលទ្ធផលអនុវត្តការងារមួយចំនួន ប្រាប់ទៅប្រជាពលលរដ្ឋ រួមមាន៖ ទី១.កម្លាំងនគរបាលមូលដ្ឋាន បានចុះប្រតិបត្តិការបង្ក្រាបជនពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន១៧នាក់, ទី២. ប្រធានមន្ទីរ និងក្រុមការងារ បានលើកផែនការទៅក្រសួងជំនាញ ដើម្បីដោះស្រាយតាមសំណូមពររបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន, ទី៣.លោកទេសរដ្ឋមន្រ្តីបាន ពន្យល់ដល់ប្រជាពលរដ្ឋអំពីការខិតខំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានិងបានស្វែងរក ទីផ្សារជូនប្រជាពលរដ្ឋ ខុសពីគណបក្សប្រឆាំង ដែលតែងតែសុំអង្វរឲ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធលើខ្មែរ មិនឱ្យទិញផលិតផល ពីខ្មែរ ធ្វើឲ្យកសិផលខ្មែរគ្មានទីផ្សារគ្មានអ្នកទិញ ប្រជាពលរដ្ឋគ្មានការងារធ្វើ មានជីវភាពក្រីក្រ។
សូមជម្រាបថា រៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាការងារតាមមូលដ្ឋាននេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០១៦ ដែលនេះក៏ជាការរួមចំណែកនៃការចុះសួរសុខទុក្ខ ក៏ដូចជាជួយដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋផងដែរ៕