(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការចុងក្រោយ ក្នុងកិច្ចការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសង្រ្គោះបន្ទាន់ ត្រៀមបំពេញបេសកកម្ម ក្នុងយុទ្ធនាការ ឃោសនានិងបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះតទៅ។
កិច្ចប្រជុំនេះ មានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូច ព្រមទាំងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដាក់បទបញ្ជា ក៏ដូចជាណែនាំដល់នាយ-នាយរងអាវុធហត្ថ ដែលទទួលដឹកនាំតាមបណ្តាគោលដៅទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ និងកម្លាំងប្រតិបត្តិការ ដើម្បីសម្រេចនូវបេសកកម្មខាងមុខនេះឲ្យខាងតែបាន។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តថា បច្ចុប្បន្នប្រទេសជាតិ មានសន្ដិភាព ការឯកភាពជាតិពេញលេញ មានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក៏ដោយសារមានការដឹកនាំដ៏ឈ្លៀសវាងវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ដូច្នេះយើងត្រូវចងចាំ និងអរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ និងធ្វើយ៉ាងណា បន្តចូលរួមថែរក្សាសន្តិភាពដែលយើងកំពុងមាននាពេបច្ចុប្បន្ន ឲ្យបានឋិតថេរជារៀងដរាប៕