(ភ្នំពេញ)៖ ថ្មីៗនេះ ទណ្ឌិតសម រង្ស៉ី បានបង្ហោះវីដេអូពពាយនាយលក់កាក់១អឺរ៉ូ និងបំភ្លៃការពិតថា កាក់១អឺរ៉ូនេះ ជានិមិត្តរូបនៃជ័យជម្នះរបស់ខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងដែល សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ប្តឹងជនក្បត់ជាតិរូបនេះ ទៅតុលាការបារាំង ពីបទបរិហាកេរ្តិ៍ ។
ចំពោះបណ្តឹងទាមទារសំណងប្រាក់ ១អឺរ៉ូ វាគ្រាន់តែជានិមិត្តរូបដែលដើមបណ្តឹងចាំបាច់ត្រូវតែបញ្ជាក់នៅក្នុងទំរង់នៃបណ្តឹងទាមទារផ្នែករដ្ឋប្បវេណីរបស់ខ្លួនតែប៉ុណ្ណោះ ។ប្រសិនបើ ដើមបណ្តឹងពិតជាចង់បានសំណងពី ជនក្បត់ជាតិបីជំនាន់សម រង្ស៉ី នោះមែន នោះដើមបណ្តឹងមិនប្តឹងទាមទារយកតែ ១អឺរ៉ូ នោះឡើយ ។
តុលាការទីក្រុងប៉ារីស ប្រទេសបារាំង បានរកឃើញ និងបញ្ជាក់នៅក្នុងសំអាងហេតុនៃសាលក្រមរបស់ខ្លួនថា ការចោទប្រកាន់របស់ សម រង្ស៉ី ចំពោះសម្តេចហ៊ុន សែនគឺជាការថ្លែងដោយគ្មានភស្តុតាងទាល់តែសោះ ហើយការចោទបំភ្លៃគ្មានមូលដ្ឋានរបស់សម រង្ស៉ី ត្រូវបានតុលាការកំណត់ថាជាអំពើបរិហារកេរ្តិ៍ចំពោះ សម្តេចហ៊ុន សែន ។ នេះជាការបញ្ជាក់ការពិត និងផ្តល់ភាពយុត្តិធម៌ ស្អាតស្អំ ជូនសម្តេចហ៊ុន សែន ដែលពុំមានជាប់ពាក់ព័ន្ធដូចការពោលពាក្យបំផ្លើសរបស់ ទណ្ឌិតសម រង្ស៉ី នោះឡើយ ។ការផ្តល់យុត្តិធម៌ និងបញ្ជាក់អំពីភាពស្អាតស្អំជូនសម្តេចតេជោហ៊ុន សែន និងច្រានចោលការចោទបំផ្លើសរបស់ សម រង្ស៉ី គឺជោគជ័យសមស្របតាមបំណងប្រាថ្នាចង់បានបំផុត របស់សម្តេចតេជោហ៊ុន សែន ដែលជាភាគី ដើមបណ្តឹង ។
ម្យ៉ាងទៀត តុលាការព្រហ្មទណ្ឌ ទីក្រុងប៉ារីសប្រទេសបារាំង បានច្រានចោលសំណូមពររបស់ បុគ្គលល្ងិតល្ងង់ សម រង្ស៉ី ដែលទាមទារ ឱ្យ ដើមបណ្តឹងសងសំណងដល់ខ្លួន ចំពោះការចំណាយលើរឿងក្តីនេះ ក៏ត្រូវបានតុលាការបារាំង បានបញ្ជាក់ថា “ ពាក្យពេចន៍របស់ សម រង្ស៉ី គឺជាការចោទប្រកាន់ដោយគ្មានភស្តុតាង និងជាការបរិហាកេរ្តិ៍ “ លើដើមបណ្តឹង ហើយបញ្ជាក់ថា សម រង្ស៉ី ត្រូវបង់ខាតរាល់ការចំណាយ និងគ្មានសិទ្ធិទាមទារសំណង ពីសម្តេចហ៊ុន សែន ជាដើមបណ្តឹងឡើយ។
សម្តេចហ៊ុន សែន បានសម្រេចទទួលយកសេចក្តីសម្រេចក្នុងសាលក្រមរបស់តុលាការយុត្តិធម៌បារាំង ដែលបានស្វែងរកឃើញការពិត និងផ្តល់ភាពយុត្តិធម៌ស្អាតស្អំជូនសម្តេច ហ៊ុន សែន វិញ ។ហេតុនេះហើយទើប សម្តេចហ៊ុន សែន ពុំមានភាពចាំបាច់ ក្នុងការតវ៉ា ឬប្តឹងឧទ្ធរណ៍ ទៅនឹងសាលក្រមយុត្តិធម៌ នេះឡើយ ។
ការពពាយនាយលក់កាក់ ១អឺរ៉ូ របស់ទណ្ឌិត សម រង្ស៉ី នេះ គ្មានអ្វីក្រៅពីចេតនាទុច្ចរិតបោកប្រាស់ប្រជាពលរដ្ឋមួយចំនួនតូច ដែលមិនទាន់បានដឹងច្បាស់អំពីការពិត និងចេតនាទុច្ចរិតស្វែងរកប្រាក់ចូលហោប៉ៅផ្ទាល់ខ្លួន បន្តជីវិតនយោបាយដ៏តោកយ៉ាក ជាមួយក្រុមឧទ្ទាមក្រៅច្បាប់មួយក្តាប់តូច ដែលកំពុងរត់ចោលស្រុកយ៉ាងកណ្តោចកណ្តែងតែ ប៉ុណ្ណោះ៕