(កំពង់ស្ពឺង)៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្រកាសបញ្ចូលសមាជិកថ្មីប្រមាណ ២៤៤នាក់ សុទ្ធសឹងជាអ្នកមកពីគណបក្សប្រឆាំង។ សមាជិកថ្មីនេះ មកពីគណបក្សខ្មែររួបរួមជាតិចំនួន ២២នាក់, គណបក្សខ្មែរស្រឡាញ់ជាតិចំនួន ១៤១នាក់, គណបក្សភ្លើងទៀនចំនួន ១៧នាក់ និងអតីតគណបក្សសង្គ្រោះជាតិចំនួន ៦៤នាក់។
ពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជានេះ ធ្វើឡើងក្រោមអធិបតីភាពលោក សុខ ភា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកឱរ៉ាក់។
ក្នុងពិធីនោះ លោក សុខ ភា បានប្រកាសស្វាគមន៍សមាជិកថ្មីប្រកបដោយក្តីសោមនស្សរីករាយក្រៃលែង។ លោក សុខ ភា បានចាត់ទុកការសម្រេចចិត្តរបស់សមាជិកមកពីបក្សប្រឆាំងនេះ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ។ ត្រឹមត្រូវដ្បិតពួកគេទទួលបានឱកាសក្នុងការចូលរួមចំណែកបម្រើជាតិ និងប្រជាជន ជាមួយគណបក្សប្រជាជនកម្ពុជា តាមឆន្ទៈ និងស្មារតីនៃការចង់បានរបស់ពួកគេ។
«ការចូលរួមធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជារឿងមួយដ៏ត្រឹមត្រូវបំផុត។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលតម្កល់ស្មារតី និងសកម្មភាពរបស់ខ្លួន ដើម្បីបុព្វហេតុជាតិ និងប្រជាជន ដូច្នេះបងប្អូនមានឱកាសក្នុងការបម្រើជាតិ និងប្រជាជនរបស់យើង»។ នេះជាការបញ្ជាក់របស់លោក សុខ ភា។
លោក សុខ ភាព បានផ្តាំផ្ញើដល់សមាជិកចាស់ និងសមាជិកថ្មី ឱ្យបំភ្លេចរឿង ថ្នាំងថ្នាក់អាក់អន់ចិត្តពីអតីតកាល ហើយត្រូវចាប់ដៃរួមរួមសាមគ្គីគ្នាជាធ្លុងប្រឹងប្រែងធ្វើការងារជាឧត្តមប្រយោជន៍របស់ជាតិ។ ជាពិសេសត្រូវរួមគ្នាឆ្ពោះទៅកាន់ការបោះឆ្នោត ដើម្បីជ័យជម្នះជូនបក្ស។
សមាជិកថ្មីមកពីគណបក្សប្រឆាំងទាំងនោះ បានសម្តែងការរីករាយ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ជាពិសេសគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមិនប្រកាន់ទោសចំពោះរឿងកន្លង ហើយអនុគ្រោះឱ្យពួកគេបានចូលរួមជីវភាពជាមួយបក្សប្រជាជនកម្ពុជា ដែលជាបក្សដែលបានសាងស្នាដៃ និងសមិទ្ធផលមហិមាសម្រាប់ជាតិ។
សមាជិកថ្មីទាំងអស់ប្តេជ្ញាស្មោះស្ម័គ្រជាមួយបក្ស រួបរួមសាមគ្គីផ្ទៃក្នុង ប្រឹងប្រែងបម្រើជាតិ និងប្រជាជន។ ពួកគេប្តេជ្ញារួមគ្នាការពារសុខសន្តិភាព គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខនាយករដ្ឋមន្ត្រីបន្តវេនដោយឥតងាករេ៕