(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រីតំណាង សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញសំណេះសំណាលជាមួយអ្នកគ្រូពេទ្យ អ្នកគ្រូបង្រៀន និងថ្នាក់ដឹកនាំអនុសាខាសមាគមនារី ខេត្តរតនគិរី ចំនួន១៥០នាក់។
បន្ទាប់ពីលោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្ត និងជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តរតនគិរី បានមានមតិស្វាគមន៍រួចមកលោក ញ៉ែម សំអឿន បានថ្លែងថា ស្ត្រី គឺជាត្បូងដ៏មានតម្លៃសម្រាប់គ្រួសារ ហើយតួអង្គស្ត្រី គឺមិនអាចខ្វះបាន ព្រោះស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចគ្រួសារ ជាពិសេស ស្រ្តីក៏មានតួនាទីក្នុងការបញ្ជៀប និងផ្សព្វផ្សាយបន្ថែមទៀតនូវសមិទ្ធផលជាច្រើន ដែលបានកសាងឡើងដោយគណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីឈានឆ្ពោះទៅដណ្តើមជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
លោកបានបន្តទៀតថា កម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការអនុវត្ត នូវនយោបាយឈ្នះឈ្នះ និងបានធ្វើឲ្យកាន់តែប្រសើរឡើងនូវ មនុស្ស ផ្លូវ ទឹក ភ្លើង សម្រាប់ជាការអនុវត្តប្រចាំថ្ងៃ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
ជាការពិតណាស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងនោះ បានគិតគូយ៉ាងយកចិត្តទុក់ចំពោះស្ត្រី ដោយបានកំណត់នូវ គោលនយោបាយ និងយន្តការជាច្រើនទាំងក្នុងគោលនយោបាយគណបក្សប្រជាជន និងរាជរដ្ឋាភិបាលដើម្បីធានាលើការ លើកកម្ពស់ និងឆ្លើយតបចំពោះស្ថានភាពជីវភាព សុខុមាលភាព និងការចូលរួមរបស់ស្រ្ដីក្នុងគ្រប់វិស័យ ទាំងវិស័យសាធារណៈ និងនយោបាយ។
ទន្ទឹមនឹងនោះ គណៈចលនាស្ត្រី នៃសមាគមនារីកម្ពុជា ដើម្បីសន្តិភាព គឺជាផ្នែកមួយរបស់គណបក្សប្រជាជនកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការជំរុញ និងលើកស្ទួយស្ត្រីឲ្យមានសមត្ថភាព ឋានៈ តួនាទី ស្មើមុខស្មើមាត់ជាមួយនឹងបុរស ដោយដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន ដើម្បីជួយឲ្យកម្លាំងគណបក្សប្រជាជនកម្ពុជា កាន់តែមានកម្លាំង និងគ្រឹះរឹងមាំយូរអង្វែង។
នៅក្នុងឱកាសនេះ លោក ញ៉ែម សំអឿន និងលោកស្រី បានចែកជូនដល់បងប្អូននារីដែលបានចូលរួមក្នុងម្នាក់ ទទួលបានសារ៉ុង១ និងថវិកា២ម៉ឺនរៀល៕